(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យមើលការស្ថារប្រឡាយមេ ០១ខ្សែ ប្រវែង៩៣៥០ម៉ែត្រ ដោយតភ្ជាប់ពីសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ មកសង្កាត់ពងទឹក ព្រៃវែង ព្រៃស និងសង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រឡាយមេ០១ខ្សែនេះ មានប្រវែង១៩៣៥០ម៉ែត្រ មាត់លើ១២ម៉ែត្រ បាតក្រោម៣,៥០ម៉ែត្រ ជម្រៅ២,២ម៉ែត្រ ដែលជាអំណោយរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ការស្តារប្រឡាយមេ០១ខ្សែនេះ នឹងត្រូវប្រើប្រាស់ដើម្បីបម្រើការងារស្រោចស្រព លើវិស័យកសិកម្ម បញ្ជៀសបញ្ហាទឹកជំនន់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីស្រែ ជាប់នឹងប្រឡាយនេះ លោកអភិបាលបានស្នើសុំឲ្យបងប្អូនយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្តារប្រឡាយនេះ ដើម្បីសម្រួលឲ្យការងារស្តារប្រឡាយនេះឆាប់បាន រួចរាល់ងាយស្រួលបងប្អូនអាចប្រើប្រាស់ ផ្លូវអមប្រឡាយ និងការបង្ហូរទឹកនៅរដូវវស្សាខាងមុខបានល្អ សម្រាប់ប្រកបការងារកសិកម្ម ដែលនេះជាការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលបានខិតខំអភិវឌ្ឍ ប្រទេសជាតិឲ្យអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ តួយ៉ាងប្រឡាយមេ០១ខ្សែនេះ ក៏ជាសមិទ្ធផលថ្មីមួយទៀតដើម្បីជួយសម្រួលដល់ការ រស់នៅប្រកបរបរកសិកម្ម និងការធ្វើដំណើររបស់បងប្អូននៅក្នុងមូលដ្ឋានយើង៕