(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក ជា ខេមា និងលោក ចាប ឌីណា អភិបាលរងខណ្ឌ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនៅជិតវត្តឧណ្ណោលោម សង្កាត់ជ័យជំនះ នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំងនៅជិតវត្តឧណ្ណាលោម​ ក្នុងសង្កាត់ជ័យជំនះ​ ប៉ុន្តែភ្លាមៗទាំងអាជ្ញាធរ និងសមត្ថកិច្ចបានរួមគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ រហូតគ្រប់ស្ថានការណ៍បាន។

ក្រោយបញ្ចប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ អភិបាលខណ្ឌដូនពេញ លោក ជា ខេមា ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះភ្លាមៗតែម្តង។ នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌដូនពេញ បានសម្តែងការសោកខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួបគ្រោះអគ្គិភ័យ ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិមួយចំនួន។

លោកបានផ្តាំផ្ញើ និងការសោកស្តាយពីអភិបាលរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ហើយលោកបានឲ្យនាំអំណោយមកចែកជូនបងប្អូនជាបន្ទាន់ផងដែរ។ លោកថា បើទោះបីអំណោយទាំងនេះ មិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់ជូនបងប្អូនក៏ដោយ តែប៉ុន្តែអាចដោះស្រាយមួយរយៈពេលផងដែរ។

ជាចុងក្រោយលោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានគ្រោះថ្នាក់នេះកើតឡើងម្តងទៀត។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ និងទទួលបានអំណោយពីអភិបាលរាជធានីភ្នំពេញនៅពេលនេះមានចំនួន១៤គ្រួសារ៕