(រតនគិរី)៖ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបន្តចុះត្រួតពិនិត្យទីតាំងដីព្រៃរបស់រដ្ឋជាច្រើនកន្លែងមានផ្ទៃដីរាប់រយហិកតារងការកាប់ទន្ទ្រាន និងដុតបំផ្លាញយកដីធ្វើកម្មសិទ្ធ។ តំបន់ដីព្រៃឈើរងការកាប់ទន្ទ្រាន និងដុតបំផ្លញត្រង់ចំណុចអូរកាជាន់ក្រោម(កន្ទុយដីក្រុមហ៊ុនSK) ស្ថិតក្នុងឃុំតឺនស្រុកកូនមុំមានព្រំប្រទល់ជាប់ឃុំហាត់ប៉ក់ស្រុកវ៉ើនសៃ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោយទទួលបានព័ត៌មានលើបណ្តាញផ្សព្វផ្សាយថា មានការកាប់ទន្ទ្រាន និងដុតបំផ្លាញព្រៃនៅតំបន់ខាងលើ។

បើតាមក្រុមការងារ បានឲ្យដឹងថា ភូមិសាស្ត្រនៅកន្លែងរងការកាប់ទន្ទ្រាន និងដុតបំផ្លាញដីព្រៃឈើរបស់រដ្ឋមានភាពស្មុគស្មាញមិនអាចចូលទៅដល់ ដូច្នេះប្រើដ្រូនទើបអាចដឹងពីចំនួនដីព្រៃឈើរបស់រដ្ឋរងការកាប់ទន្ទ្រាន និងដុតបំផ្លាញ។

ប្រតិបត្តិការខាងលើនេះ ចែកជា២ក្រុម គឺក្រុមទី១ ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តបង្ហោះដ្រូនដើម្បីគណនាផ្ទៃដីរងការកាប់ទន្ទ្រាន និងដុតបំផ្លាញប៉ុន្តែលទ្ធផលមិនទាន់ដឹងនៅឡើយទេ។ ក្រុមទី២ ដឹកនាំដោយលោក សេក ហៃ អភិបាលស្រុកកូនមុំ ធ្វើការសម្រុះសម្រួលជាមួយប្រជាពលរដ្ឋចំណូលស្រុកប្រមាណ៥០នាក់ សង់ផ្ទះតូចៗស្នាក់នៅខុសច្បាប់ក្នុងដីព្រៃរបស់រដ្ឋក្នុងនោះមានលោកសង្ឃ១អង្គត្រូវបានខាងមន្ត្រីធម្មការ និងសាសនាឲ្យនិមន្តចាកចេញ, តែលោកសង្ឃអង្គនោះសន្យាថាទុកពេលឲ្យ៣-៤ថ្ងៃសិន ត្រូវនិមន្តទៅគង់នៅវត្តខ័ណ្ឌព្រៃនប់ខេត្តព្រះសីហនុ ស្រុកកំណើត ឬគង់នៅវត្តណាមួយក្នុងស្រុកកូនមុំ។

ដោយឡែក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែមករាម្សិលមិញថា ដីព្រៃរបស់រដ្ឋចាប់ពីកន្ទុយក្រុមហ៊ុនSK ត្រង់ចំណុចអូរកាជាន់លើរហូតដល់អូរកាជាន់ក្រោមស្ថិតក្នុងឃុំតឺនស្រុកកូនមុំមានព្រំប្រទល់ឃុំហាត់ប៉ក់ស្រុកវ៉ឺនសៃ មានផ្ទៃដីជាង១ម៉ឺនហិកតា ហើយភូមិសាស្ត្រនេះជាស្ថានីយរបស់រដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ៕