(បាត់ដំបង)៖ ករណីសាងសង់សំណង់ទប់បិទទឹកស្ទឹងមង្គលបុរីដោយអត់ច្បាប់ ដែលបង្កផលប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសារ ត្រូវរដ្ឋបាលខេត្តបាត់ដំបងបញ្ឈប់ហើយ។ នេះបើតាមសេចក្តីបំភ្លឺ របស់រដ្ឋបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានការប្តឹងតវ៉ាពីបងប្អូនប្រជាពលរដ្ឋ រស់នៅផ្នែកខាងក្រោមស្ទឹងមង្គលបុរី ករណីសាងសង់សំណង់ទប់បិទទឹកស្ទឹងមង្គលបុរី នៅចំណុចភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបណ្តាលឱ្យខ្វះខាតទឹកប្រើប្រាស់។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបាត់ដំបង បានចាត់តាំងក្រុមការងារខេត្ត រួមមានតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុកកំរៀង មេឃុំតាត្រី និងស្មៀនឃុំតាត្រី ចុះពិនិត្យទីតាំងជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងការចុះពិនិត្យនេះបានរកឃើញថា ពិតជាមានករណីសាងសង់សំណង់ទប់បិទទឹកស្ទឹងមង្គលបុរីដោយអត់ច្បាប់ សាងសង់ដោយលោក ហែម ថ្លៃថ្លា និងប្រពន្ធឈ្មោះ ឆេង មុំ ដែលបង្កការរំខានចរន្តទឹកហូរ និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ស្ទឹងមង្គលបុរី ចំនួន ២ភូមិ រួមមានភូមិតាក្រី(ផ្នែកខាងក្រោម) និងភូមិដំណាក់សិលា ឃុំតាក្រី ស្រុកកំរៀងសរុបប្រមាណ ៦០គ្រួសារ បានរងផលប៉ះពាល់អត់ទឹកប្រើប្រាស់ ហើយបង្កផលប៉ះពាល់ខ្វះខាតទឹកប្រើប្រាស់ដល់ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបវេល សរុបចំនួន ៧ឃុំ ស្មើនឹង៦៤ភូមិ ថែមទៀតផង រហូតដល់មានការប្តឹងតវ៉ាពី បងប្អូនប្រជាពលរដ្ឋផ្នែកខាងក្រោម ដែលពុំមានទឹកប្រើប្រាស់នៅរដូវប្រាំងនេះ។

សំណង់បេតុង និងការដ្ឋាន ពុំមានច្បាប់នេះ ត្រូវបានលួចលាក់សាងសង់រយៈពេលជាងមួយសប្តាហ៍ហើយ ដោយអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ពុំបានដឹងទេ ប៉ុន្តែមេភូមិតាក្រីបានដឹងឮ ករណីសាងសង់នេះ ហើយពុំបានរាយការណ៍ជូនមេឃុំតាក្រី និងអភិបាល ស្រុកកំរៀងទេ។ រដ្ឋបាលខេត្ត បានដាក់វិធានការចំពោះមុខ ដោយធ្វើការហាមឃាត់បញ្ឈប់ការសាងសង់ទាំងស្រុង និងបញ្ជាឱ្យដកគ្រឿងចក្រចេញពីទីតាំងការដ្ឋាននេះ ព្រមទាំងកាយដី និងបេតុងចេញ និងធ្វើឱ្យដូចសភាពដើម ឡើងវិញនូវលំនាំស្ទឹងតាមធម្មជាតិ។ អាជ្ញាធរឃុំតាត្រី និងអាជ្ញាធរស្រុកកំរៀង មានភារកិច្ចទទួលខុសត្រូវឃ្លាំមើល និងតាមដានសកម្មភាពកាយដី និងបេតុងចេញ ក្នុងករណីមានសកម្មភាពអ្វីប្លែក ត្រូវរាយការណ៍ជាបន្ទាន់មក រដ្ឋបាលខេត្ត។

ជាមួយនេះដែរ មេការនៅទីតាំងការដ្ឋានខាងលើក៏បានទទួលស្គាល់ និងចូលរួមអនុវត្តវិធានការនេះ។ ចំពោះមេភូមិតាត្រីបានបង្ហាញនូវសកម្មភាពមិនព្រមសហការជាមួយក្រុមការងារខេត្ត ក្រោយមកក៏បានចូលរួម សហការវិញ បន្ទាប់ពីត្រៀមអនុវត្តវិធានការច្បាប់ចំពោះមេភូមិរូបនេះ ប៉ុន្តែជាក់ស្តែងមកការអប់រំនេះ ទីតាំងការដ្ឋាននេះនៅមិនព្រមអនុវត្តតាមវិធានការរបស់រដ្ឋបាលខេត្តទេ ហើយថែមទាំងបានហៅសារព័ត៌មានជីវិត និងកីឡា មកផ្សាយបំភ្លៃបំប៉ោងខុសពីការពិតពីអ្វីដែលបានកើតឡើង ហើយការសាងសង់បិទទឹកស្ទឹងមង្គលបុរីនេះ មានការតវ៉ារបស់ប្រជាពលរដ្ឋផ្នែកខាងក្រោមការដ្ឋានសំណង់ដែលបម្រុងលើកគ្នាមកតវ៉ាមកធ្វើការបជានៅមុខសាលា ខេត្តបាត់ដំបង។ សារព័ត៌មានជីវិត និងកីឡាបានធ្វើការផ្សព្វផ្សាយព័ត៌មានតែម្ខាង បង្អូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយមិនបានឆ្លុះបញ្ចាំងឱ្យឃើញការពិតជាក់ស្តែងឡើយ។

នៅមូលដ្ឋានឃុំតាក្រី កន្លងមកដែលប្រជាពលរដ្ឋបណ្តាភូមិទាំង៦ រួមមាន ភូមិស្រះកំផ្លោក ភូមិទួលទិល ភូមិកំប្រង់ ភូមិតាក្រី ភូមិដំណាក់សិលា និងភូមិស្រះទឹកថ្មី ត្រូវបានលោក ហែម ថ្លៃថ្លា ប្រើប្រាស់ឈ្មោះតំណាងប្រជាពលរដ្ឋ ដើម្បី ដោះស្រាយបញ្ហាទឹកស្រោចស្រព ប៉ុន្តែការពិតជាក់ស្តែងក្រោយពេលចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្តារប្រឡាយដែលបានជួលមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត គឺបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថា ពុំបានបម្រើផលប្រយោជន៍រួមនោះទេ សូម្បីតែប្រជាពលរដ្ឋទៅដងយកប្រើប្រាស់សម្រាប់ងូតទឹក ដាំបាយ ក៏ត្រូវបានលោក ហែម ថ្លៃថ្លា និងប្រពន្ធឈ្មោះ ឆេង មុំ ហាមឃាត់ និងជេរស្តីថាដល់ពួកគាត់ រហូតដល់ត្រូវបានគេដាក់ឈ្មោះប្រឡាយនេះថា ប្រឡាយតាខ្លា ឬប្រឡាយយាយគោ ថែមទៀតផង។

ក្នុងនាមរដ្ឋបាលខេត្តបាតដំបង ស្នើឱ្យសារព័ត៌មានជីវិត និងកីឡា គោរពឱ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវផ្សព្វផ្សាយបំពានបំភ្លៃបំប៉ោងខុសពីការពិតឡើយ ក្នុងករណីមិនមានការ ផ្សាយកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយឡើងវិញទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋបាលខេត្ត៕