(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញលិខិតស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺម្នាក់ ដែលត្រូវបានក្រុមគ្រួសារបញ្ចូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៖៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។

តាមសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានមុននេះបន្ដិចបានឱ្យដឹងថា ចំពោះករណីអ្នកជំងឺខាងលើនេះ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ
វេជ្ជសាស្ត្រផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែក
រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ
ដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម៕

សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖