(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រដូវប្រាំងឆ្នាំ២០២៤នេះ រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ទៀតឡើយ ​ខណៈបច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ​ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុងតំបន់នេះបានគ្រប់គ្រាន់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលលោកចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ លោក ឡុង ណារ៉ូ បានលើកឡើងថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់​នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ផលិតទឹកបានច្រើន​ ស្របពេលដែល​រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានសាងសង់រួចរាល់ជាបន្តបន្ទាប់។

បើតាម លោក ឡុង ណារ៉ូ ​​ចាប់ពីចុងខែកុម្ភៈឆ្នាំ២០២៤ នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​មានសមត្ថភាពផលិតទឹកបានប្រមាណជាង ១លានម៉ែត្រគូបក្នុង១ថ្ងៃ ខណៈតម្រូវការបច្ចុប្បន្ននេះ មានប្រមាណ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ តែអ្វីដែលបញ្ហាប្រឈម គឺកង្វះខាតសរសៃរឈាមនាំទឹក ហេតុនេះហើយទើបរដ្ឋាករខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹក ដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានីភ្នំពេញ។

តែយ៉ាងណាមិញលោកគូសបញ្ជាក់ថា ​នៅតំបន់ខ្លះអាចនឹង​មានបញ្ហាសម្ពាធទឹកខ្សោយ​ ដោយសារកំណើនប្រជាជនរស់នៅតំបន់នោះ។ ​យ៉ាងនេះក្តី រដ្ឋាករទឹកបាននិងកំពុងរៀបចំពង្រីកបន្ថែម ដើម្បីបង្កើនសម្ពាធឡើងវិញ។ ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញថា តំបន់ណាមានសម្ពាធទឹកខ្សោយ សូមផ្តល់ព័ត៌មានមកកាន់រដ្ឋាករទឹក ដើម្បីរដ្ឋាករទឹកចុះទៅដោះស្រាយ ជូនទាន់ពេលវេលា។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ មានប្រមាណ៤៧០ពាន់អតិថិជន លោកសង្ឃឹមថា​ នៅចុងឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់ទឹកស្អាតនឹងកើនឡើង​ ៣ម៉ឺ៥ពាន់អតិថិជនបន្ថែមទៀត​៕

សូមទស្សនាការពន្យល់ពីផែនការក្នុងការតភ្ជាប់បំពង់មេនាំទឹក នៅតាមផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ និងការផលិតទឹកស្អាត របស់អគ្គនាយករដ្ឋាករទឹកដូចតទៅ៖