(ភ្នំពេញ)៖ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មកអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានកំណត់ការប្រកាសត្រឹមតែមួយខែមករាគត់ ហើយគិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ មានអ្នកបានទៅប្រកាសរួចចំនួន ១៨,០០១នាក់ ស្មើនឹង ៩៩.២៨% នៃចំនួនត្រូវប្រកាសសរុប ១៨.១៣២រូប។

នេះបើតាមការបញ្ជាក់ពីលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣០ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

លោក សយ ច័ន្ទវិចិត្រ បានបន្ថែមទៀតថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ក្រសួងស្ថាប័នចំនួន២៤ និងរាជធានីខេត្តទាំង ២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% ហើយ រីឯក្រសួងស្ថាប័នចំនួន១៦ផ្សេងទៀត ក៏បានប្រកាសស្ទើតែរួចរាល់ទាំងស្រុងផងដែរ។ លោកក៏បានអំពាវនាវឱ្យអ្នកដែលមិនទាន់បានទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ រូតរះទៅប្រកាសឱ្យបានទាន់ពេលវេលា ជៀងវាងរងនូវការទោសទណ្ឌផ្សេងៗ។

គួរជម្រាបថា បើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ មានដូចនេះជា៖

ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមករា ៖ មានមន្ត្រីចំនួន ៥៥០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីមានការតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល២៨៤នាក់ និងមន្ត្រី ២៦៥នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។
តាមសំណូមពរស៊ើបអង្កត លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. បានសម្រេចឱ្យបើកស្រោមសំបុត្រពិនិត្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ០១ករណី។

ការងារពាក្យប្ដឹង៖ អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមករានេះចំនួន ២៨ពាក្យប្ដឹង។ អ.ប.ព. បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០១ករណី ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់។

ការងារអប់រំ៖ អ.ប.ព. បានធ្វើបទឧទ្ទេសនាមអំពី «យុវជនបន្តវេន» ក្នុងវេទិកាយុវជនស្អាតស្អំ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ សរុបចំនួន ៥២៥នាក់។
ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈចំនួន ១១គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ០៥ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ការងារបណ្តុះបណ្ដាល៖ មន្ត្រី អ.ប.ព. ចំនួន ៩៣ រូបថែមទៀត ត្រូវបានប្រកាសជានគរបាលយុត្តិធម៌។ មន្ដ្រី អ.ប.ព. ចំនួន ០១រូប បានទទួលការបណ្តុះបណ្តាលស្តីពីការវាយតម្លហានីភ័យថា្នក់ ជាតិ នៃការរីកសាយភាយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិប្រឆាំងភេរវកម្ម និងគម្រោង EU-P2P របស់សហគមអឺរ៉ុប។

ករណីលោក ខេង យ័ន អភិបាលក្រុងកែប និងករណី៣ ផ្សេងទៀត៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍ ផ្សេងទៀតរបស់លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. លើសភាពការណ៍ពាក្យប្តឹង សភាពការណ៏មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕