(ភ្នំពេញ)៖ «ទឹកភ្នែករបស់ប្រជាពលរដ្ឋភូមិពញាឮ និងភូមិទួលអំពិលចាប់ផ្ដើម ហូរសារជាថ្មីទៀតហើយ» នេះគឺជាពាក្យស្លោកមួយ ក្នុងចំណោមបដាពាក្យស្លោក ជាច្រើនទៀតដែលប្រជាពលរដ្ឋ រស់នៅភូមិពញាឮ និងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាលសរសេរ លើកនៅមុខក្រសួងរៀបចំ ដែនដីនាព្រឹកនេះដើម្បីស្នើសុំអោយក្រសួង ក៏ដូចសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ជួយអន្តរាគមន៏ពាក់ព័ន្ធ ករណីក្រុមហ៊ុនផានអុីមិច រំលោភយកដីស្រែប្រាំងរបស់ពួកគាត់។
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ យ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋជាង ៥០នាក់ តំណាងអោយប្រជាពលរដ្ឋ ១៤០គ្រួសារដែរ បាននាំគ្នាធ្វើដំណើរ មកកាន់ក្រសួងរៀបចំដែនដី ដើម្បីដាក់ពាក្យស្នើសុំអោយ រដ្ឋមន្ត្រីក្រសួងនេះជួយអន្តរាគមន៏ ពាក់ព័ន្ធករណីក្រុមហ៊ុន ផានអុីមិច រំលោភយកដីស្រែប្រាំង របស់ពួកគាត់ទាំង ២ភូមិដែលមានទំហំ សរុប ៦៣ហិកតា។ ក្នុងនោះក្រោយការ ស្នើសុំការអន្តរាគមន៏ ក៏មានមន្ត្រីចេញមកទទួលយក លិខិតស្នើសុំនេះដើម្បីយក ទៅធ្វើការដោះស្រាយផងដែរ។ ក្នុងនោះក្រោយពីមន្ត្រីចេញមក ទទួលយកលិខិតតវ៉ាហើយ ប្រជាពលរដ្ឋទាំងអស់ ក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ។
យោងតាមប្រជាពលរដ្ឋ ដែលនាំគ្នាមកស្នើសុំបានអោយដឹងថា ដីស្រែប្រាំងដែលត្រូវក្រុមហ៊ុន ផានអ៉ីមិច រំលោភយកនេះគឺជាដីស្រែប្រាំង ដែលពួកគាត់ បង្កបង្កើនផលជាលក្ខណៈក្រុមសាមគ្គី តាំងពីក្រោយឆ្នាំ ១៩៧៩ រហូតមក។ លុះដល់ឆ្នាំ ១៩៨៩ ខណៈរដ្ឋអំណាចសម័យ នោះប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ពួកគាត់ក៏ត្រូវបានរដ្ឋអំណាច បែងចែកដីស្រែប្រាំង ខាងលើនេះអោយ តាមរយៈតារាង «ក១» ហើយពួកគាត់ក៏បន្តធ្វើស្រែប្រាំងរហូតមក។
ស្រាប់តែនៅឆ្នាំ ២០១៤ ក្រុមហ៊ុនផានអុីមិច ដែលមានលោកជំទាវ ឧកញ៉ា ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុន ក៏បានមកអះអាងថា ដីស្រែប្រាំងទាំង ៦៣ហិកតា ខាងលើនេះ ជារបស់ក្រុមហ៊ុនគាត់ទៅវិញដោយ មានប្លង់កម្មសិទ្ធិថែមទៀតផង។ ប៉ុន្តែយោងតាមផែនទី ក្នុងប្លង់កម្មសិទ្ធិ ទីតាំងដីក្រុមហ៊ុនគឺស្ថិតនៅ ខាងជើងភូមិទួលអំពិលឯណោះ បែរជាក្រុមហ៊ុនមករំលោភ យកដីរបស់ពួកគាត់នៅ ភូមិពញាឮទៅវិញ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំង ប្ដឹងទៅតុលាការអោយចេញដីកា ហាមឃាត់មិនអោយ ពួកគាត់បង្កបង្កើនផល នៅលើដីនេះថែមទៀតផង។
ពាក់ព័ន្ធការចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើនេះ នៅព្រឹកថ្ងៃដដែល Fresh News មិនអាចធ្វើការទាក់ទង សុំការបំភ្លឺពីភាគី ក្រុមហ៊ុនផានអ៉ីមិចបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង៕