(ភ្នំពេញ)៖ ក្នុងឱកាសទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន, លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែកគាំទ្រ លើកកំពស់សេវាសុខាភិបាល ។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា កន្លងមកមូលនិធិ GX បានចូលរួមចំណែកគាំទ្រលើកកម្ពស់ សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦,២០៨ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣,០៤៥នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានបញ្ជាក់ជំហរ បន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាព ជួយពង្រឹងសេវាសុខភាពភ្នែក នៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះបណ្តាលជំនាញឯកទេស ក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការពង្រីកផែនការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម នៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។

ជាការឆ្លើយតបលោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ» ទៅខេត្តផ្សេងទៀត តាមការស្នើសុំរបស់ក្រសួងសុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅ លុបបំបាត់ភាពពិការភ្នែក ដែលអាចបង្ការបាន នាឆ្នាំ២០៣០នៅកម្ពុជា។ ចំពោះការស្នើគម្រោងជំងឺគ្រុនឈាម គឺ GX Foundation មានឆន្ទៈត្រៀមគាំទ្រដោយសន្យាថានឹងបញ្ជូនក្រុមការងារ GX Foundationសហការជាមួយក្រុមការងារក្រសួងសុខាភិបាល ឱ្យចុះពិនិត្យទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសសើរ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ច សហប្រតិបត្តិការ ដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕