(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានចាប់ផ្តើមពិនិត្យ ព្យាបាល និងវះកាត់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សកម្មភាពពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឱកាសនេះ បានធ្វើឡើងក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងលោកវេជ្ឃបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាវត្តមាន លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុងព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងធ្វើការកោតសរសើរពីទឹកចិត្តនិងមនសិការរបស់ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលលះបង់ពេលវេលា ក្នុងស្មារតីជួយជ្រោមជ្រែងសុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តព្រះវិហារ គឺទូទាំងប្រទេសយើងទាំងមូល ក្នុងការធ្វើការពិនិត្យ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងកោតសរសើរផងដែរដល់ក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ តែងបានយកចិត្តទុកដាក់គិតគូរ ពីការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាល ប្រកបដោយគុណភាព និងភាពជឿជាក់ ធ្វើឱ្យប្រជាពលរដ្ឋមានការកាត់បន្ថយ ក្នុងការទៅទទួលសេវាព្យាបាលនៅក្រៅខេត្តក៏ដូចជានៅបរទេស។

សូមបញ្ជាក់ថា ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ រួមមាន៖ ពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាល រោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសុដន់ (ដុំដោះ) វះកាត់មាត់ឆែប ឆែបក្រអូម មាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ វះកាត់ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា, វះកាត់ដុំពក លើខ្លួនប្រាណ និងដុំគីសផ្សេងៗ វះកាត់ក្លនលូន វះកាត់គ្រួសក្នុងថង់ទឹកប្រមាត់ និងពកក ព្យាបាលរលាកខ្លួនប្រាណ ដៃជើង មុខមាត់ និងពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ ដោយចាប់ព្យាបាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រជាពលរដ្ឋក៏អាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាលរោគស្ដ្រី ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា និងជំងឺមាត់ធ្មេញ នៅទីតាំង ចំនួន០២ ផ្សេងទៀតរួមមាន៖ ទី១.នៅមណ្ឌលសុខភាពម្លូព្រៃ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់ផ្ដើមពិនិត្យ ព្យបាលពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ និងនៅសាលាបឋមសិក្សាយាង ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ៕