(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការប្រឡងវិញ្ញាសាអនុវត្តកីឡា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីវិញ្ញាសាសរសេរត្រូវបានប្រព្រឹត្តទៅ និងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។

លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសាអនុវត្តកីឡា បានឲ្យដឹងថា នៅព្រឹកមិញនេះ គណៈកម្មការរៀបចំការប្រឡងបានពន្យល់បេក្ខជនទាំងអស់ អំពីវិញ្ញាសាទាំង៣ប្រភេទ នៃវិញ្ញាសាកីឡា រួមមាន ចោលដុំដែក, លោតចម្ងាយ និងរត់ល្បឿន ហើយក្រោយជ្រួតជ្រៀបអំពីនីតិវិធីនោះ នៅរសៀលនេះចាប់ផ្ដើមអនុវត្តតែម្ដង។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក សុខ សប្បាយណា បានគូសបញ្ជាក់ថា សម្រាប់ការប្រឡងវិញ្ញាសាកីឡានេះ ក្នុងមួយថ្ងៃអាចឲ្យបេក្ខជន បេក្ខនារី ចំនួន២៨៨នាក់ បានចូលរួមប្រឡង ហើយត្រូវបន្ដជាបន្ដបន្ទាប់រហូតដល់គ្រប់ចំនួនបេក្ខជនទាំង១,៨៨២នាក់។ នៅពេលប្រឡងនេះ គឺបេក្ខជនទាំងអស់បានឃើញនូវពិន្ទុដែលខ្លួនទទួលបានភ្លាមៗតែម្ដង ដោយមិនរង់ចាំយូរនោះឡើយ។

ចំពោះការប្រឡងដែលប្រព្រឹត្តទៅនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ ក៏មានការចូលរួមសង្កេតការណ៍ពីអ្នកពាក់ព័ន្ធទាំងក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលជាដើម។ ខណៈបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ គឺត្រូវធានាបានយ៉ាងល្អប្រសើរ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោក សុខ សប្បាយណា។

លោកបានបន្ដថា បើតាមអ្វីដែលបានគ្រោងទុក សម្រាប់រយៈពេលប្រឡងវិញ្ញាសាអនុវត្តកីឡានេះ នឹងបញ្ចប់នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ក្រោយប្រកាសលទ្ធផលជាផ្លូវការ គណៈកម្មការក៏បានទុករយៈពេលមួយសប្ដាហ៍ផងដែរ ដើម្បីឲ្យបេក្ខជន បេក្ខនារី ធ្វើការតវ៉ាចំពោះលទ្ធផលដែលខ្លួនទទួលបាន ក្នុងករណីយល់ឃើញថា មានភាពមិនប្រក្រតីណាមួយដែលអាចកើតឡើងជាយថាហេតុ។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ ត្រូវបានបែងចែកវិញ្ញាសារជាពីរប្រភេទ ក្នុងនោះ ប្រភេទវិញ្ញាសាសរសេរ (វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស) ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម៉ោង១២កន្លះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងប្រភេទវិញ្ញាសាអនុវត្តកីឡា ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សម្រាប់ប្រភេទវិញ្ញាសាអនុវត្តកីឡាមាន ៣វិញ្ញាសា រួមមាន ទី១៖ អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី, ទី២៖ អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងទី៣៖ អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។

ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡានេះ ក្រសួងបានទទួលបេក្ខភាពចុះឈ្មោះ និងបំពេញឯកសារគ្រប់គ្រាន់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន១,៨៩២នាក់ (ស្រី៥៧៩នាក់) រួមមាន៖ កម្រិត ១២+៤ ចំនួន៤៤៣នាក់ និងកម្រិត ១២+២ ចំនួន ១,៤៤៩នាក់៕