(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍ចំពោះ លោក សាន ជានមីង និងសហការី ដែលបានអញ្ជើញចូលជួបសម្តែងការសម និងពិភាក្សាការងារ នាឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងបាន គោរពជម្រាបជូន សម្តេចធិបតី ថា Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Mizuda Group បាននិងកំពុងផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅ រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជន ទូទៅ។

ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្ត្រមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជា ចំនួន៧១០កន្លែង។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យា និងបច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរ ការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ដែលជាការចូលរួមចំណែក នៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុង ការថែរក្សាបរិស្ថាន ក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ ផងដែរ។

ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្ដេចធិបតី បានណែនាំឲ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោម កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ឲ្យទទួលបានជោគជ័យបន្ថែម ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជូនពរ លោក សាន ជានមីង ឲ្យទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕