(កណ្តាល)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះបានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវចំនួន ២ខ្សែ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមការអនុវត្តគម្រោង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដើម្បីធានាឱ្យបានថា ការស្ថាបនាតាមបទដ្ឋានត្រឹមត្រូវ ក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងអាចប្រើប្រាស់បានយូរអង្វែង។

បើតាមលោក ឈឹម សៅគី បានបញ្ជាក់ថា ការចុះពិនិត្យ វាយតម្លៃផ្លូវខាងលើ មានដូចជាការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ១៣៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, ស្ថាបនាលូមូលមុខមួយចំនួន ៧កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិឈើទាល, និងផ្លូវក្រាលបេតុងចំនួន ២ខ្សែ ផ្សេងទៀតប្រវែងសរុប ១ ០០៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ស្ថិតនៅ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមការអនុវត្តគម្រោង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, លោក ឈឹម សៅគី បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះដែរនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវជនបទ ព្រមទាំងការស្តារស្រះនិងជីកស្រះ អណ្តូងទឹក ដើម្បីទប់ទល់និងភាពរាំស្ងួត និងទឹកជំនន់ជាដើម។

ជាមួយនឹងគម្រោងផ្លូវទាំងពីរខាងលើនេះ, លោក ឈឹម សៅគី ក៏សំណូមពរដល់អ្នកទទួលការធ្វើការត្រួតពិនិត្យ និងថែទាំលើ ផ្លូវ និងសំណង់សិល្បការ្យខាងលើឱ្យបានល្អ ដើម្បីឱ្យមានគុណភាព និងសោភ័ណភាព ក្នុងរយៈពេល ១២ខែបន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវសហការណែនាំ និងបំផុសប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យខាងលើ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះឱ្យបានគង់វង្ស យូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕