(ភ្នំពេញ)៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្របសម្រួលវិវាទមួយរវាងបងប្អូនបង្កើត៣នាក់ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ២១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការបែងចែកមរតក ដែលវិវាទនេះបានអូសបន្លាយតាំងពីសាលាដំបូងមក។

ភាគីទាំង៣បានព្រមស្តាប់ហេតុផល និងទទួលយកការសម្រុះសម្រួលរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង ហើយការសះជានេះ បានបញ្ចប់វិវាទនៅតុលាការដោយសន្តិវិធី និងធ្វើឲ្យបងប្អូនបង្កើតទាំង៣នាក់ មានទំនាក់ទំនងល្អឡើងវិញ។ ដោយអនុវត្តតាមការណែនាំប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការបានបែងចែកទ្រព្យរបស់ម្តាយដែលបន្សល់ទុកនូវដីចំនួន ២០ម៉ែត្រ គុណ៣៤ម៉ែត្រ ក្នុងម្នាក់ៗដើម្បីបញ្ចប់វិវាទ។

ភាគីទាំង៣នាក់ខាងលើ បានថ្លែងអំណរគុណយ៉ាងខ្លាំង ជូនចំពោះសាលាឧទ្ធរណ៍បាត់ដំបង និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ដោះស្រាយរឿងរបស់ពលរដ្ឋ និងបានបញ្ចប់វិវាទ និងបានផ្សះផ្សារវិវាទបងប្អូនបង្កើតឲ្យត្រូវគ្នាវិញ និងគោរពស្រឡាញ់គ្នាដូចដើម។

គួរបញ្ជាក់ផងដែរថា ការពន្លឿនដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋ ជាយុទ្ធនាការអាទិភាពដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្វែងរកយុត្តិធម៌ឱ្យបានឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។ ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews/128