(ភ្នំពេញ)៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) បានបង្ហាញការ​ជឿ​ជាក់​ថា នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជារូបមន្តដ៏មានសារៈសំខាន់ រួមចំណែកដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិក្នុងតំបន់ និងពិភពលោក ជាពិសេសការបង្រួបបង្រួមឧបទ្វីបកូរ៉េ។

លោកប្រធានសហព័ន្ធសន្តិភាពសកល បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះសម្តេចតេជា ហ៊ុន សែន បានអរគុណលោកបណ្ឌិត Charles Yang ដែលបានចូលរួម​សង្កេតការណ៍​បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់​កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំនៅកូរ៉េខាងត្បូង បង្កើនការវិនិយោគមកកាន់ប្រទេសកម្ពុជា និងជាពិសេសជួយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ រួមទាំងការគាំពារ​ស្ត្រី ដែលជាតម្រូវការចាំបាច់បំផុតមួយរបស់កម្ពុជាក្នុងដំណាក់កាលថ្មី។

លោកបណ្ឌិត Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់ សម្តេច​តេជា ហ៊ុន សែន។ លោកបណ្ឌិត Charles Yang បានបង្ហាញជំនឿមុតមាំថា នយោបាយ​ឈ្នះ​-ឈ្នះដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន នឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួប​បង្រួម​ជាតិ​ក្នុងតំបន់ និងពិភព​លោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។

ក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំ និងអង្គការសង្គមសុីវិល បានផ្តល់តម្លៃនៃការយោគយល់ និងការចែក​រំលែក​បទពិសោធន៍ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជន​ដែលស្រឡាញ់​សន្តិ​ភាព។

សូមបញ្ជាក់ថា សហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) គឺជាបណ្តាញនៃគ្រួសារ និងស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និងធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ។

សហព័ន្ធសន្តិភាពសកល បាននិងកំពុងធ្វើការជាមួយមេដឹកនាំទូទាំងសកលលោក ដែលមាន ឆន្ទៈបង្កើតសន្តិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ សហព័ន្ធសន្តិភាពសកល មិនមែនជាគណបក្សនយោបាយ ឬ ពាក់ព័ន្ធនយោបាយទេ ប៉ុន្តែផ្តល់តម្លៃលើតួនាទីដែលអ្នកដឹកនាំនយោបាយដើរតួក្នុងពិភពដ៏ស្មុគស្មាញន អភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិ។ សហព័ន្ធសន្តិភាពសកល មានបំណងលើកកម្ពស់សន្តិភាពជាសកលទៅហួសពីសាសនា ពូជសាសន៍ ប្រទេសជាតិ វប្បធម៌ និងនយោបាយជាដើម។

សហព័ន្ធសន្តិភាពសកល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកបណ្ឌិត Sun Myung Moon និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ លោកបណ្ឌិត Sun Myung Moon បានទទួលមរណភាព កាលពីឆ្នាំ២០១២។

សហព័ន្ធសន្តិភាពសកល មាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅ កម្ពុជាផងដែរ។

សហព័ន្ធសន្តិភាពសកលមានទូតសន្តិភាពជាង ៥ម៉ឺននាក់ ដែលជាឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំសាសនា អ្នកដឹកនាំសង្គមស៊ីវិល ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក៕