(ស្វីស)៖ លោក សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានចូលកាន់តំណែងផ្លូវការ ជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។

ក្នុងកម្មវិធីផ្ទេរតំណែងនេះផងដែរ ក៏មានការចូលរួមពីលោកស្រី អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ដែលចប់អាណត្តិ ផងដែរ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានមានមតិស្វាគមន៍ និងអបអរសារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា ជាប្រធានក្រុមប្រទេស 77 និង China និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា និងក្រុមប្រទេស77 and China។

ជាមួយគ្នានេះ លោក Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ចប់អាណត្តិ បានលើកអំពីសមិទ្ធផលក្នុងអាណត្តិរបស់លោក ក្នុងការសម្របសម្រួល និងការពារប្រយោជន៍របស់ក្រុមប្រទេស 77 និង China ព្រមទាំងបង្ហាញការអបអរសារទរចំពោះកម្ពុជាក្នុងនាមជាប្រធានអាណត្តិថ្មី។

ជារួម អង្គប្រជុំបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរការចូលកាន់តំណែងជាប្រធានក្រុមប្រទេស 77 និង China របស់កម្ពុជា ជាមួយនឹងការប្តេជ្ញារបស់កម្ពុជាក្នុងការសម្របសម្រួលនិងបម្រើប្រយោជន៍ក្រុម ប្រទេស 77 និង China តបតាមអាណត្តិនិងការផ្តល់សេចក្តីទុកចិត្តនិងការសហការរបស់សមាជិក។

សូមបញ្ជាក់ថា Group of G77 និង China ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៤ និងដែលបច្ចុប្បន្នមានសមាជិកចំនួន១៣៥៕