(បន្ទាយមានជ័យ)៖ សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីលៀងសាយភោជ និងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី។
ពិធីនេះ បានធ្វើឡើងនៅបរិវេណសាលារៀនផី.ឆឹង ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួម ពីលោកសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី គណៈអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ទីរអង្គភាព និងប្រធានសមាគមខ្មែរ-ចិន ក្រុង ស្រុក ផងដែរ។
ប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ លោក ឆាន់ ប៊ុនម៉ាន់ បានឡើងឡើងថា សមាគមខ្មែរ-ចិន មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
ម្យ៉ាងទៀតប្រជាជនកម្ពុជា កំពុងរស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសនា។ គ្មានការរើសអើងប្រជាជនគ្រប់រូប ទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិ បាននៅជំនឿសាសនានិងទំនាមទម្លាប់ប្រពៃណី ដោយសេរី ដូចជាយើងបានបង្កើតសមាគមខ្មែរ-ចិន នាពេលនេះជាដើម។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឆាន់ ប៊ុនម៉ាន់។
លោក ឆាន់ ប៊ុនម៉ាន់ បានបញ្ជាក់ថា ការរៀបចំកម្មវិធីនាយរាត្រីនេះ ឡើងក្នុងគោលបំណង លើកស្ទួយប្រពៃណីល្អភូផង់នេះ និងដើម្បីបង្កើនភាពសាមគ្គីភាព ភក្ដីភាពឲ្យកាន់តែប្រសើរ និងរឹងមាំស្ថិតថេរចីរកាល។
លោក អ៊ុំ រាត្រី បានលើកឡើងថា រយៈពេលជាង៤៣ឆ្នាំ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន។ ជាពិសេសសូមចូលរួមគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការដឹកនាំដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹង ការគាំទ្រពីសំណាក់បងប្អូនខ្មែរ ជាប់ខ្សែស្រឡាយចិន គណៈគ្រប់គ្រងខ្មែរ-ចិន ត្រូវខិតខំបម្រើឲ្យអស់ពីចិត្តពីថ្លើម ដល់មហាជនគ្រប់លំដាប់ថ្នាក់ក្នុងក្រុង ខេត្ត សហការជិតស្និទ្ធ និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍មាតុភូមិជាតិយើង ឲ្យកាន់តែរីកចម្រើន។
ជាពិសេស គណៈគ្រប់គ្រងទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សាលារៀន ផី ឆឹង ដែលជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង ដល់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឬស្សី ជាសសរទ្រូងដ៏រឹងមាំរបស់សង្គម ជាតិយើងនាពេលអនាគតផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក អ៊ុំ រាត្រី៕