(វិញឡុង, វៀតណាម)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរបស់ខេត្តកំពង់ស្ពឺ អញ្ជើញបំពេញទស្សនកិច្ច ខ្សែសង្វាក់ផលិតកម្ម ជីធម្មជាតិ នៅរោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង សាធារណរដ្ឋប្រជាមានិតវៀតណាម។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឲ្យក្រុមហ៊ុនជីធម្មជាតិ នៅរោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង សាធារណរដ្ឋប្រជាមានិតវៀតណាម ពិនិត្យបើករោងចក្រផលិតជី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ តំណាងរោងចក្រផលិតជីធម្មជាតិ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង បានទទួលដើម្បីសិក្សាពីសក្តានុពលចំពោះវិស័យនេះ ។

លោក យឹម សុខុម និងលោក វ៉ី សំណាង បានបន្តដឹកនាំគណៈប្រតិភូរបស់ខេត្តកំពង់ស្ពឺ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម លោកប្រធានគណៈកម្មាធិការប្រជាជន ព្រមទាំងមន្ត្រីនៅខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក វ៉ី សំណាង បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំអស់ បានផ្ញើនូវក្តីនឹករលឹក និងគោរពជូនពរពីចម្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមខាងមុខ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ក្នុងនាមជាខេត្តសម្ព័ន្ធភាពយូអង្វែង និងជាប្រទេសភូមិផងរបងជាប់គ្នា។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងអំពីកិច្ចសហការ លើវិស័យអប់រំ ស្នើសុំឲ្យខេត្តវីញឡុង បន្តកិច្ចសហប្រតិបត្តិការជួយដល់សិស្ស និងនិសិ្សតជួបការលំបាកផងដែរ។

លោក លឺ ក្វាង ងឺយ (Lu Quang Ngoi) ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង បានថ្លែងថា រវាងខេត្តកំពង់ស្ពឺ និងខេត្តវីញឡុង នៅតែធ្វើកិច្ចសហការលើគ្រប់វិស័យ ក្នុងនោះខេត្តវីញឡុង និងផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត នៃខេត្តកំពង់ស្ពឺ៕