(ភ្នំពេញ)៖ មូលនិធិ GX Foundation បានប្រកាសពង្រីកបេសកកម្មព្យាបាលជំងឺភ្នែកឡើងបាយ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៅកម្ពុជាទៅកាន់ខេត្តគោលដៅឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។
ការប្រកាសនេះធ្វើឡើងដោយលោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោកប្រធានមូលនិធិ GX Foundation បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយក្រសួងសុខាភិបាលនាពេលកន្លងមក។ ក្នុងនោះមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្ដាខេត្តមួយចំនួន។
លោកប្រធានមូលនិធិ បានជម្រាបសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយក្រសួងសុខាភិបាល៖ ទី១). ពង្រីកនូវការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ និងទី២). ការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation ក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលនៅកម្ពុជានាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិក្នុងការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។
សម្តេចធិបតី បានស្វាគមន៍គម្រោងពង្រីកកម្មវិធីរបស់មូលនិធិ គាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តមូលនិធិ GX Foundation បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើកម្មវិធីទាំងនេះ ជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសការកំណត់បណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។
សូមបញ្ជាក់ថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្មលើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។
បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់សុខភាពសាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា៕