(ភ្នំពេញ)៖ ក្រុមហ៊ុន Mizuda ដែលជាក្រុមហ៊ុនកំពុងប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ បានបង្ហាញបំណងពង្រីកការវិនិយោគផលិតថាមពលអគ្គិសនីពីសំរាម។
បំណងនេះត្រូវបានបង្ហាញដោយលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group ពេលចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន Mizuda Group បានជម្រាបសម្តេចធិបតី ពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្តេចធិបតីថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញរយៈពេលប្រមាណ៣ឆ្នាំហើយ។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគបន្ថែមលើការផលិតថាមពលអគ្គិសនីពីសំរាម ជាមួយបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda ដែលបាននិងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញផងដែរ។
ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំរាមវិញ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ៕