(ភ្នំពេញ)៖ ដើម្បីបំពេញដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដល់បរិស្ថាន បណ្តាប្រទេសជាច្រើនទាំងនៅតំបន់អឺរ៉ុប និងនៅតំបន់អាស៊ី បានគាំទ្រ និងលើកទឹកចិត្តលើការវិនិយោគចម្ការឈើដាំ។ ការដាំឈើនេះ ក៏ត្រូវបានលើកទឹកចិត្តដោយអ្នកជំនាញផ្នែកបរិស្ថានផងដែរ។
ឈើជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សរួមមានការយកធ្វើជាផ្ទះសម្បែង និងគ្រឿងសង្ហារឹមផ្សេងៗ។ ប្រការនេះបានធ្វើឱ្យឈើធម្មជាតិនៅក្នុងប្រទេសត្រូវបានកាប់ ដើម្បីយកបំពេញសេចក្តីត្រូវការទាំងនោះ។ បន្ថែមដោយការរុករានយកដីបង្កបង្កើនផល និងការធ្វើជំនួញរបស់ឈ្មួញឈើផងនោះ បានធ្វើឱ្យគម្របព្រៃឈើនៅកម្ពុជាកាន់តែរួមតូច។
ដើម្បីចូលរួមទប់ស្កាត់សកម្មភាពខាងលើ ក៏ដូចជាបង្កើតគម្របព្រៃឈើឡើងវិញ អ្នកជំនាញផ្នែកព្រៃឈើ បានមើលឃើញថា ការវិនិយោគលើចម្ការឈើដាំ គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវតែធ្វើ និងជំរុញកិច្ចគាំទ្រ។
«ចម្ការឈើដាំមានផលប្រយោជន៍ច្រើនលើសលប់។ ទីមួយការដាំឈើ គឺយើងអាចបំពេញនូវការបាត់បង់គម្របព្រៃឈើនាពេលកន្លងមក ទីពីរជួយបង្កើតឡើងវិញនូវជីវៈចម្រុះដែលបាត់បង់ និងទី៣ ផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋតាមទីជនបទមានចំណូលចូលជាប្រចាំ»។ នេះជាការលើកឡើងរបស់លោក ជា ពៅ អ្នកវិនិយោគលើចម្ការឈើដាំ។
ដោយយោងតាមការសិក្សា និងប្រឡូកក្នុងកិច្ចការព្រៃឈើអស់ជាច្រើនឆ្នាំ លោក ជា ពៅ បានឱ្យដឹងថា កម្ពុជាមានសក្តានុពលខ្ពស់លើការវិនិយោគចម្ការឈើដាំនេះ។ លោក បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីរង្វង់ប្រមាណ២លានហិកតា ដែលអាចវិនិយោគធ្វើចម្ការឈើដាំស្ថិតនៅភាគឦសាន និងនិរតីប្រទេស។
សម្រាប់លោក ជា ពៅ បើមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កម្ពុជាចំណាយពេលរង្វង់ប្រមាណតែ១៥ឆ្នាំប៉ុណ្ណោះ នឹងទទួលបានផលត្រឡប់មកវិញពីចម្ការឈើដាំនេះ។ លោក ជា ពៅ បានមើលឃើញថា បើការវិនិយោគលើចម្ការឈើដាំទទួលបានជោគជ័យ នឹងរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋរង្វង់មួយលាននាក់ ហើយអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជាតិក្នុងមួយឆ្នាំមិនក្រោម៥ពាន់លានដុល្លារនោះឡើយ។
លោក ជា ពៅ ក៏បានលើកបទពិសោធន៍របស់វៀតណាម ពាក់ព័ន្ធឧស្សាហកម្មចម្ការឈើដាំនេះមកបង្ហាញផងដែរ។ បើតាមលោក ជា ពៅ បច្ចុប្បន្ននេះ វៀតណាម អាចរកចំណូលពីឧស្សហកម្មចម្ការឈើដាំរង្វង់ប្រមាណ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយផ្តល់ការងារជូនប្រជាពលរដ្ឋជិត៣លាននាក់។
ដោយមើលពីគុណប្រយោជន៍ខ្ពស់ពីឧស្សាហកម្មចម្ការឈើដាំបែបនេះ លោក ជា ពៅ បានស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការ ផ្តល់កិច្ចគាំទ្រ និងគាំពារ ដើម្បីកម្ពុជាទទួលបានជោគជ័យលើឧស្សាហកម្មចម្ការឈើដាំ ដែលលោកកំពុងតែវិនិយោគនោះ៕