(ភ្នំពេញ)៖ ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការ​លើក​កម្ពស់មូលធនមនុស្ស។

ការសន្យានេះ បានធ្វើឡើងក្នុងឱកាសលោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោកស្រីនាយិកា បានថ្លែងអំណរគុណយ៉ាងសម្តេចធិបតី ដែលបានចំណាយពេល​ដ៏មមា​ញឹក​អនុញ្ញាតឱ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រីនាយិកា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាង​ធនាគារ​ពិភពលោក និង​រាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពមាំមួន និងយូរអង្វែង។ លោកស្រីនាយិកា ជឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះនឹងបន្ដជំរុញនូវកិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​រាជ​រដ្ឋា​ភិបាលកម្ពុជាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីនាយិកា ក៏បានជម្រាបសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នា​នៃ​ឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ​រដ្ឋា​ភិបាលកម្ពុជា ជាមួយទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុង​កម្រិតសកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកស្រីនាយិកា ដែលបានអញ្ជើញមកបំពេញបេសកកម្ម​ការ​ងារនៅកម្ពុជា។ សម្តេចធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារ​ពិភព​លោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់​ធនា​គារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធីភាពជាដៃគូរវាងរាជរដ្ឋាភិបាល​ជាមួយ​ធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។

សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការដាក់ចេញកម្មវិធីគោលនយោបាយ​អាទិ​ភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយ​ក្នុង​នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាព​ធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែ​ក្លាយ​ទៅជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី និងលោកស្រីនាយិកា ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ​លើការ​អភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងនៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យសុខា​ភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕