(កំពង់ឆ្នាំង)៖ ពិតជាដំណឹងលឺហើយត្រេកអរអួលដើមករជំនួសប្អូនៗណាស់! ការរងទុក្ខវេទនាលំបាកគ្មានជម្រកត្រឹមត្រូវ អត់អាហារ គ្មានលុយព្យាបាលខ្លួន ហើយត្រូវដើរធ្វើការឱ្យគេនៅតាមកន្លែងស្អុយឆ្អាបកន្លងមកនេះ ពេលនេះនឹងរសាត់ឆ្ងាយពីប្អូនៗបណ្ដើរហើយ បន្ទាប់ពីការទទួលបានការជួយឧបត្ថម្ភទាំងស្រុងពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយា សម្ដេចតេជោ ហ៊ុន សែន និងប្រធានកាកបាទក្រហមកម្ពុជា។
កុមារកំព្រា២នាក់បងប្អូន ឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំជាបងប្រុស កើតមកមិនមានរន្ធទា្វរធំសម្រាប់បន្ទោលបង់ដូចគេ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីរកថវិកាសម្រាប់ខ្លួន និងចិញ្ចឹមប្អូនស្រីផង ដែលកំពុងរៀនថ្នាក់ទី៦ ឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានដំណឹងនេះភ្លាម អ្នកម្ដាយមនុស្សធម៌ មិនបង្អង់យូរឡើយ ចាត់សហការីស្រាវជ្រាវរកកុមារកំព្រាទាំងពីរនាក់ភ្លាមៗ ហើយនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចុះពិនិត្យទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន និងបញ្ជូនកុមារជាបងប្រុស ទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមការបញ្ជាក់របស់ លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងទៀតថា «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលើ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារបានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។
លោកស្រីបានបន្ថែមថា ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ ដែលបានជួយដល់កុមារ និងជាការគិតគូរវែងឆ្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលយកចិត្តទុកដាក់ទៅលើសុខភាព អនាម័យ មានបន្ទប់ទឹកត្រឹមត្រូវ និងគិតគូរពីសុវត្ថិភាពរបស់ក្មេងស្រី ដែលត្រូវសិក្សារៀនសូត្រ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។ ចំពោះជំងឺរបស់ ពឹម សំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ធ្វើការរករោគវិនិច្ឆ័យ និងព្យាបាលឱ្យបានជាសះស្បើយ។
ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ, លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីជីវភាពរស់នៅ ព្រមទាំងបានជម្រាបជូនពីការសាងសង់ផ្ទះថ្មី ១ខ្នង រួមទាំងការគិតគូរពីសុខភាព បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលើការព្យាបាល។
ពិសេសបានផ្តាំផ្ញើលើកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។
ការជួយឧបត្ថម្ភខាងលើពីមាតាមនុស្សធម៌ ដែលប្រកបដោយព្រហ្មវិហារធម៌ ដ៏សែនកក់ក្ដៅនេះ បានធ្វើឱ្យកូនកំព្រាដ៏សត់រំភើបរហូតដល់គ្មានពាក្យអ្វីថ្លែងពុំរួច បានត្រឹមតែតែញញឹមទាំងទឹកភ្នែក ថ្លែងអំណរគុណដល់អ្នកម្ដាយមនុស្សធម៌ បានជួយពួកគាត់ផុតពីទុក្ខវេទនាយ៉ាងខ្លាំងនេះ។
សូមជម្រាបជូនថា ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករសុខភាពចំនួន ២កញ្ចប់ផងដែរ៕