(កំពង់ឆ្នាំង)៖ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសហការគ្នាចុះបង្ក្រាបបទល្មើសលួចឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់៣ ជិត១០០ហិកតា ដែលត្រូវបានជនខិលខូចមួយចំនួន លួចឈូសឆាយទន្ទ្រានខុសច្បាប់ថែមទាំងបានលួចយកស្រូវទៅព្រោះនៅលើដីនោះថែមទៀតផង។
ដីដែលត្រូវបានជនល្មើសលួចឈូសឆាយ និងយកស្រូវទៅព្រោះខាងលើនេះ ស្ថិតនៅចំណុចព្រែកស្ដីដកគង តូច ជាប់ដៃព្រែកផ្ទោល នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះ ត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយយក ធ្វើជាកម្មសិទ្ធិកាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣។ កាលនោះសមត្ថកិច្ច ក៏ធ្លាប់បានហៅអ្នកឈូសឆាយមួយចំនួន មកធ្វើកិច្ចសន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រោះស្រូវធ្វើស្រែនោះដែរ។
ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះ សមត្ថកិច្ចបានចុះទៅពិនិត្យ ឃើញដីព្រៃលិចទឹកតំបន់៣ នៅចំណុចនេះត្រូវបានគេលួចឈូសឆាយបន្ត អស់ជិត១០០ហិកតា ហើយក៏មានអ្នកលួចយកស្រូវចូលទៅព្រោះ ដើម្បីងាយស្រួល ក្នុងការបន្លំកាន់កាប់ យកធ្វើជាកម្មសិទ្ធិផងដែរ។ ហេតុនេះទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី បានសហការគ្នាចុះបង្ក្រាបករណីនេះ ដោយមិនអនុញ្ញាតឲ្យយកស្រូវ ទៅព្រួសនោះឡើយ។
ករណីខាងលើនេះ ពេលសមត្ថកិច្ច ចុះទៅដល់ក៏ឃើញមានជនល្មើសជិត១០នាក់ កំពុងធ្វើសកម្មភាពព្រោះស្រូវ ពេលឃើញសមត្ថកិច្ចទៅដល់ក៏បាននាំគ្នារត់គេចខ្លួន សមត្ថកិច្ចក៏បានធ្វើការដកហូតពូជស្រូវពង្រោះបាន១២បាវ ដែលក្នុង១បាវៗ មានទម្ងន់៤០គីឡូក្រាម នៅលើទីតាំងដីខាងលើនេះផងដែរ។ ដោយឡែកដីមួយចំនួនតូចត្រូវបានគេលួចព្រោះស្រូវរួចហើយ។ ករណីនេះ រដ្ឋបាលស្រុកកំពុងបន្តចុះបង្ក្រាប មិនអនុញ្ញាតឲ្យមានការធ្វើស្រែ បន្តទៀតនោះឡើយ។
លោកអភិបាលស្រុកជលគីរី បានបញ្ជាក់ឲ្យដឹងថា ករណីលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣ នៅចំណុចនេះ គឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសង្ស័យថា មានអ្នករៀបចំពីក្រោយ ដែលសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចំណាត់ការបន្ត។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា អ្នកលួចឈូសឆាយដីតំបន់៣ នៅចំណុចខាងលើនេះ មួយចំនួនសង្ស័យជាមន្ត្រីរាជការ និងមួយចំនួនជាប្រជាពលរដ្ឋ។ ករណីនេះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរគួរតែស្រាវជ្រាវ រកមុខជនល្មើសឲ្យឃើញ បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ទើបបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹក របស់រដ្ឋដូចខាងលើនេះ លែងកើតមានជាបន្តទៀត។
ពាក់ព័ន្ធនិងដីតំបន់៣នេះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រាល់អង្គប្រជុំនានាកន្លងមក ធ្លាប់ព្រមានជាញឹកញាប់ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយណែនាំដល់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន សូមកុំឲ្យប៉ះពាល់ដីព្រៃលិចទឹកតំបន់៣ ឲ្យសោះករណីមានមន្ត្រីរាជការ ឬអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋមានការពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺរដ្ឋបាលខេត្តមិនអត់ឱនឲ្យនោះឡើយ៕