(កំពង់ចាម)៖ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ចាម នៅមន្ទីរព័ត៌មានខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត បានណែនាំដល់អ្នកសារព័ត៌មាន ក្នុងខេត្តទាំងអស់ ត្រូវសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងគោរពក្រុមសីលធម៌របស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

លោកនាយករដ្ឋបាល បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើសកម្មភាពជាច្រើន ទៅលើការងារអភិវឌ្ឍន៍ ជាពិសេសការអភិវឌ្ឍន៍តាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងតាមបណ្តាស្រុក។ ដូច្នេះហើយ សូមឲ្យអ្នកសារព័ត៌មាន នៅក្នុងខេត្តទាំងអស់ ជួយតាមដានលើសកម្មភាពថ្នាក់ដឹកនាំ និងធ្វើការផ្សព្វផ្សាយឲ្យបានច្រើន ដើម្បីឲ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មានទាំងនោះ។

ជាមួយគ្នានោះដែរ លោកនាយករដ្ឋបាល បានណែនាំដល់អ្នកសារព័ត៌មាន មុនធ្វើការផ្សព្វផ្សាយ សូមឲ្យមានការផ្ទៀងផ្ទាត់ ទៅលើប្រភពឲ្យបានច្បាស់លាស់ ដោយហេតុថា បច្ចុប្បន្ន តាមបណ្ដាអង្គភាពនានា សុទ្ធតែមានអ្នកនាំពាក្យរបស់អង្គភាព ដើម្បីធ្វើការផ្ដល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន។ ដូច្នេះ សូមឲ្យអ្នកសារព័ត៌មានទាំងអស់ មុនពេលសម្រេចធ្វើការផ្សព្វផ្សាយ សូមឲ្យគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួន ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងដើម្បីជួយលើកស្ទួយ ដល់សង្គមជាតិយើងទាំងអស់គ្នា៕