(កណ្ដាល)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកអង្គស្នួល បានដឹកនាំក្រុមការងារ និងដោយមានការនិមន្តចូលរួមដោយព្រះគ្រូវិសាលមុនី យឹម រស្មី ព្រះចៅអធិការវត្តភូមិថ្មី ឃុំបែកចាន បានអញ្ជើញ និងនិមន្ត ចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយ និងទេយ្យទានផ្សេងៗ ជូនចំពោះគ្រួសារសពកុមារា ឡេង ពិសិដ្ឋ ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិកៅ ឃុំបែកចាន ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

លោកអភិបាលស្រុក បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ ដែលបានកើតមានឡើងចំពោះគ្រួសារកុមារ ឡេង ពិសិដ្ឋ និងបាននាំយកពាក្យផ្តាំផ្ញើ និងការចូលរួមរំលែក មរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនចំពោះគ្រួសារសពកុមារា ឡេង ពិសិដ្ឋ និងសម្តែងការសោកស្តាយជាពន់ពេកចំពោះការបាត់បង់កូនជាទីស្រលាញ់ដោយសារតែឧបទ្ទវហេតុនឹកស្មានមិនដល់។

បន្ទាប់មកដោយសារតែពិនិត្យឃើញសុខភាពម្តាយរបស់សព មិនសូវល្អ លោកអភិបាលស្រុក បានណែនាំដល់ដល់មន្ទីរពេទ្យបង្អែកស្រុក នាំយកទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ដោយឥតគិតថ្លៃសេវាព្យាបាល និងការថែទាំរហូតជាសះស្បើយទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា អំណោយ និងសម្ភារៈរួមមាន៖ ថវិកា១លានរៀល អង្ករ៥០០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ មី ៥កេស មុង១ ខ្នើយ១ កន្ទេល១ ធុងទឹកកក១ សម្ភារៈចាន ឆ្នាំង ស្លាព្រា វែក កញ្ច្រែង ចានស្រាក់ កំសៀវ១ កំបិតជ្រុញ៕