(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស បានណែនាំដល់កងទ័ពអាកាសទាំងអស់ បន្តកិច្ចខិតខំបំពេញភារកិច្ច រួមគ្នាផ្ដល់នូវបទពិសោធន៍ថ្មីៗន្ថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យ កាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។

ការណែនាំបែបនេះ របស់នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះដែរ លោកបានលើកឡើងថា កងយោធពលខេមរភូមិន្ទបាន និងកំពុងអនុវត្តផែនការកំណែទម្រង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។ នៅតែបន្តទៅមុខមិនដកថយដូច្នេះ ដើម្បីឆ្លើយតបទៅនឹងភារកិច្ច និងបេសកកម្មដ៏ឧត្តុងឧត្តមខាងលើ ការងារ ហ្វឹកហ្វឺន និងបេសកកម្មពិសេសៗផ្សេងទៀត។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់កងទ័ពអាកាសត្រូវយកចិត្តទុកដាក់លើការងារជាអាទិភាព ក្នុងភារកិច្ចជំនាញទទួលខុសត្រូវនីមួយៗ និងត្រូវរួមគ្នាផ្ដល់នូវបទពិសោធន៍ថ្មីៗថែមទៀត ខិតខំស្វែងយល់ និងលុបបំបាត់ឱ្យអស់នូវរាល់ចំណុចខ្វះខាតទាំងឡាយ ដែលកើតមានជាយថាហេតុ នៅក្នុងការអនុវត្តភារកិច្ចកន្លងមក ដើម្បីរួមគ្នាដោះស្រាយនូវរាល់ផលវិបាកទាំងនោះឱ្យទទួលបានជោគជ័យកាន់តែល្អប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា សម្រាប់ការជួបជុំនាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ដែលបញ្ហាការដ្ឋានកងទ័ពជើងអាកាសបានរៀបចំឡើង ដើម្បីផ្តោតទៅលើលទ្ធផលការងារដែលអនុវត្តបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ វត្តមានរបស់របស់ថ្នាកដឹកនាំ និងទ័ពពិតជាមានភាពចាំបាច់បំផុត និងជាឱកាសមួយដើម្បីរួមគ្នាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពសុក្រឹត្យនូវអ្វីដែលអនុវត្តបានកន្លងមក និងអ្វីដែលអនុវត្តមិនទាន់បាន។

ចំពោះកំណែទម្រង់កងទ័ព, មេទ័ពអាកាសរូបនេះបានលើកឡើងថា ត្រូវបានសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិ បានចាត់ទុកជាចំណុចស្លាប់រស់របស់ជាតិ ក្នុងនោះរាល់យុទ្ធសាស្ត្រដែលបានដាក់ចេញតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល រហូត ដល់យុទ្ធសាស្ត្របញ្ចកោណ សុទ្ធតែមានកំណែទម្រង់ និងអភិបាលកិច្ចល្អជាស្នូល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចបានដឹកនាំស្តារ និងកសាងប្រទេសកម្ពុជា ចេញពីគំនរ ផេះផង់ក្រោយឆ្នាំ១៩៧៩ ដោយធ្វើបណ្តើរកែលម្អបណ្តើររហូតមានការរីកចម្រើនលើគ្រប់ វិស័យក្នុងសម័យទំនើបបច្ចុប្បន្ន។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាពបន្តវេនវ័យក្មេង បាននឹងកំពុងធ្វើដំណើរយ៉ាងលឿន រហ័ស ប្រកបដោយថាមពល និងមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងសន្តិភាព និរន្តរភាពជាតិ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្ត និងជាបន្ទាន់ក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងដំណើរការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ កម្មវិធីកំណែទម្រង់ផ្សេងៗទៀតក៏ត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាក់ស្ដែងថ្មីៗនេះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវបានដាក់ឱ្យអនុវត្តដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕