(អាល្លឺម៉ង់)៖ ការិយាល័យសហព័ន្ធ សម្រាប់ការធ្វើចំណាកស្រុក និងជនភៀសខ្លួន បានធ្វើ សេចក្តីរាយការណ៍ថា អាល្លឺម៉ង់រំពឹងទុកថា នឹងមានជនចំណាកស្រុកមករស់នៅក្នុងប្រទេស កើនឡើងរហូតដល់ ៣០០,០០០  នាក់នាឆ្នាំនេះ ដែលវាជាចំនួនដ៏ច្រើនលើសលប់ ហើយនឹងបង្កឲ្យ រដ្ឋាភិបាលប្រទេសអឺរ៉ុបនេះ រងនូវសម្ពាធកាន់តែធ្ងន់ធ្ងរ។  នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC  ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហា ឆ្នាំ ២០១៦។

ប្រធានការិយាល័យសហព័ន្ធ សម្រាប់ការធ្វើចំណាកស្រុក និងជនភៀសខ្លួន លោក Frank-Juergen Weise បាននិយាយថា អាល្លឺម៉ង់ នឹងអាចជួបវិបត្តិដ៏ធ្ងន់ធ្ងរមួយចំនួន ប្រសិនបើមានជន ចំណាកស្រុក មករស់នៅក្នុងប្រទេសច្រើនជាងនេះ។ ដោយឡែកកាលពីឆ្នាំមុន មានជនភៀសខ្លួន ជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិ អាហ្វហ្គានីស្ថាន និង អាហ្វ្រិក បានមកជ្រកកោណ ក្នុងប្រទេសអាល្លឺម៉ង់។

មិនត្រឹមតែប៉ុណ្ណោះនៅមានជនចំណាកស្រុកជាង ៣៩០,០០០នាក់ បានដាក់ពាក្យសុំសិទ្ធិជ្រកកោណ ស្របច្បាប់នៅក្នុងប្រទេសអឺរ៉ុប ក្នុងរយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ។ គួរបញ្ជាក់ថា បញ្ហាជម្លោះប្រដាប់ អាវុធនៅតំបន់អាស៊ីខាងត្បូង អាហ្វ្រិកខាងជើង និង មជ្ឈិមបូព៌ា ជាដើមបានធ្វើឲ្យតំបន់អឺរ៉ុបជួបវិបត្តិកាន់តែធ្ងន់ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបញ្ហានេះក៏ស្ថិតក្នុងចំណោម មូលហេតុចម្បងនានា ដែលធ្វើឲ្យចក្រភព អង់គ្លេស សម្រេចចិត្តចាកចេញពី សហភាពអឺរ៉ុបផងដែរ៕