(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាដែរនោះ បានកោតសរសើរដល់សមាគម ដែលបានខិតខំប្រឹងប្រែង ក្នុងការទំនាក់ទំនងរកដៃគូ សហការ ពីបណ្តាស្ថាប័នរដ្ឋ អង្គការ សមាគម និងវិស័យឯកជន រួមទាំងស្ថាប័ននៅក្រៅប្រទេស ដើម្បីជាប្រយោជន៍ដល់សមាជិក ក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្ម និងអាជីវកម្មរបស់ខ្លួន ក៏ដូចជាបម្រើផលប្រយោជន៍ ដល់សង្គមសេដ្ឋកិច្ចជាតិផងដែរ។

លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោក ហុង គីមហ៊ង ទីប្រឹក្សាគណៈកម្មការជាតិជំរុញចលនា ភូមិ១ ផលិតផល១ និងជាទីប្រឹក្សាជាន់ខ្ពស់សមាគម នៃពិធីសន្និបាត និងជំនួបម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងដឹកជញ្ជូន របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។

លោក តាន់ មុនីវណ្ណ ក៏បានផ្តល់អនុសាសន៍ ឱ្យមានការបង្រួបបង្រួមរវាងសមាគមទាំងអស់ ដើម្បីធ្វើព្រឹត្តិការណ៍ធំរួមគ្នា ដែលអាចជួយដល់សមាជិក ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ ប្រាស្រ័យទំនាក់ទំនងគ្នា ឱ្យបានកាន់តែច្រើន។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់នៅកម្ពុជា បានលើកឡើងថា សន្និបាតនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញពីសកម្មភាពរបស់សមាគម រយៈពេល៥ឆ្នាំ និងសកម្មភាពក្នុងឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ ដោយមានម្ចាស់អាជីវកម្មមកពីក្រុមហ៊ុនផ្សេងៗ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោក ជា ចាន់ដារ៉ា ក៏បានបង្ហាញពីទិសដៅបន្តក្នុងឆ្នាំ២០២៤ របស់សមាគម ដោយស្នើសុំជួបក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីសហការ និងការគាំទ្រ, ការស្វែងរកបន្ថែមដៃគូសហការ សមាគម អង្គការក្រៅរដ្ឋាភិបាល វិស័យអប់រំ និងវិស័យឯកជន, ការរៀបចំឱ្យមានផ្គូរផ្គងម្ចាស់អាជីវកម្ម បណ្តាញអាជីវកម្ម ជាអន្តរជាតិនៅក្នុងប្រទេស និងការស្វែង និងស្វែងរកអ្នកវិនិយោគ, ការរៀបចំដឹកនាំសមាជិក ដែលជាម្ចាស់អាជីវកម្ម ទៅជួបម្ចាស់អាជីកម្មនៅក្រៅប្រទេស, ការរៀបចំកម្មវិធីបណ្តុះបណ្តាល លើវិស័យដឹកជញ្ជូន ឡូជីស្ទីក និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ជូនសមាជិក សិស្ស និស្សិត និងសិក្ខាកាម។

សូមបញ្ជាក់ថា លោក ជា ចាន់ដារ៉ា ក៏ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលបោះឆ្នោតជ្រើសតាំង ជាប្រធានសមាគម ក្នុងអាណត្តិទី២ ផងដែរ៕