(ភ្នំពេញ)៖ អង្គការ TdH NL និង AusCam Freedom Project ជាដៃគូរគាំទ្រក្រុមយុវតី បានបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពី សុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ពិធីនេះធ្វើឡោះងនៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅផ្សារ MC Park។
យុទ្ធនាការនេះ មានគោលបំណងផ្សព្វផ្សាយការយល់ដឹងពី សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ជំរុញឱ្យអាណាព្យាបាលយកចិត្តទុកដាក់ និងជជែកបន្ថែមពីសុវត្ថិតាម អនឡាញជាមួយកូនៗរបស់ពួកគេ និងលើកទឹកចិត្តឱ្យកុមារស្វែងរក ការគាំទ្រនៅពេលពួកគេជួបប្រទះការរំលោភតាមប្រព័ន្ធអនឡាញ តាមរយៈការរាំ ដែលបង្ហាញពីសាច់រឿងរបស់កុមារីម្នាក់ដែលរងគ្រោះពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលគាត់បានយកឈ្នះ បញ្ហានេះដោយហ៊ាននិយាយវាចេញមក និងការរាយការណ៍ពីបញ្ហានេះ និងមានការគាំទ្រពីឪពុកម្តាយរបស់គាត់ ហើយយុទ្ធនាការនេះក៏បានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ Chatbot Game ដើម្បីលើកកម្ពស់ចំណេះដឹងកុមារកម្ពុជាពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញផងដែរ។
ពិភពអនឡាញ គឺជាកន្លែងអស្ចារ្យ ប៉ុន្តែវាក៏អាចជាកន្លែងដែលមានគ្រោះថ្នាក់ដែរ ជាពិសេសសម្រាប់កុមារ។ មានរឿងច្រើនណាស់ដែលអាចកើតឡើងបាន ដូចជាការកេងប្រវ័ញ្ចផ្លូវភេទអនឡាញជាដើម ហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺករណីដែលក្មេងត្រូវបានគេបង្ខំ ឬល្បួងឲ្យផ្ញើរូបអាក្រាតហើយ ត្រូវគេគំរាមហើយ។
សូមរំឭកដែរថា ការបង្កើតពិភពអនឡាញ ដែលមានសុវត្ថិភាពសម្រាប់កុមារ ហើយសម្រាប់កុមារទាំងអស់ ត្រូវចាំថា កុំនិយាយជាមួយអ្នកមិនស្គាល់តាមអនឡាញ កុំខ្លាចក្នុងការប្រាប់ពីការបៀតបៀនដែលប្អូនៗជួបប្រទះទៅឪពុកម្តាយ អាណាព្យាបាល ហើយត្រូវតែដាក់ privacy setting ជាប់ជានិច្ច។ សុវត្ថិភាពរបស់កុមារគឺសំខាន់ជាងអ្វីទាំងអស់។ ប្រសិនបើមានរឿងអ្វីមួយដែលមើលទៅមិនសម ឬមិនទំនងទេ ត្រូវតែនិយាយជាមួយអាណាព្យាបាល ឬឪពុកម្តាយ៕