(កំពត)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់ ស្មើនិង ៥,៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាង​ច្រើនកុះករ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខ​ភាព​របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ជាក់ស្ដែងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាម​បណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹក​ចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំមកហើយ។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពព្យាបាលនេះ ឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែង​ក្តីសប្បាយ​រីករាយ និងថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវបណ្ឌិត ដែលដឹកនាំក្រុមគ្រូពេទ្យ​ជំនាញ​ចុះ​ព្យា​បាល​សុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃ៕