(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ «បច្ចុប្បន្នភាពច្បាប់និងនីតិវិធីគយ» មានការចូលរួមពីសមាជិក សមាជិកា ដោយផ្ទាល់ចំនួនជាង ៦០ នាក់ និងចូលរួមតាមប្រព័ន្ធVideo Zoom ចំនួនជាង ៥០នាក់ សិក្ខាសាលានេះផងដែរ រៀបចំនៅ សាលប្រជុំអគារ Gateway ជាន់ទី ៦ ។

សិក្ខាសាលាបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមជាវាគ្មិន ពីមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៊ូរ ប៊ុនណារ៉ា ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ លោក ណាំ សុលាង ជំនួយការនាយកដ្ឋានសវនកម្មគយ លោក ណយ សុផាន់ណារិទ្ធ អនុប្រធានការិ. នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោក អ៊ុក គឹមសៀ អនុប្រធានលេខាធិការដ្ឋាន ទទួលបន្ទុកការងារបច្ចេកទេសគយ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីឲ្យសមាជិក សមាជិកា និងអ្នកវិនិយោគ បានយល់ជ្រាបច្បាស់ ពីបច្ចុប្បន្នភាពច្បាប់និងនីតិវិធីគយថ្មីៗ និង ការចូលជាសមាជិកធុរជនល្អបំផុត និង កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត យកទៅអនុវត្តប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព ស្របតាមគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល៕