(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ចាយ សុខឃី អាយុ៣៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានជំងឺផុងលលាក្បាលធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសង្គ្រោះជីវិតឲ្យរស់រាន ឡើងវិញក្រោមការឧបត្ថម្ភការព្យាបាលទាំងស្រុង ព្រមទាំងមានការឧបត្ថម្ភផ្សេងៗទៀត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
អ្នកស្រី សុខ សំអឿន ជាភរិយាបានរៀបរាប់ឲ្យដឹងថា ស្វាមីរបស់របស់គាត់បានជួបគ្រោះថ្នាក់ ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដោយដើរឆ្លងថ្នល់ត្រូវរថយន្ត បុកពីក្រោយបណ្តាលឲ្យបែកលលាក្បាលធ្ងន់ធ្ងរ ដែលត្រូវវះកាត់ជាបន្ទាន់លើកទី១ដើម្បីយក លលាក្បាលមកចិញ្ចឹមក្នុងពោះ។
ដើម្បីសង្រោះជីវិតស្វាម៉ី បងត្រូវបង្ខំចិត្តលក់ដីនិងផ្ទះសម្បែង ដើម្បីបានប្រាក់វះកាត់លើកទី១។ បងស្រីបានបន្តថា គាត់និងក្រុមគ្រួសារ បានរស់នៅជាមួយពិការភាព និងអស់សង្ឃឹមព្រោះគ្មានថវិកាដើម្បីបន្តការព្យាបាលហើយ មានកូន២នាក់ក្នុងបន្ទុកដែលកត្តានេះ បានធ្វើអោយជីវភាពគ្រួសារ របស់គាត់មានការលំបាក មិនអាចប្រកបរបផ្សេងៗបាន។
ជាភ័ព្វសំណាង បងស្រីនិងក្រុមគ្រួសារបានជួបជាមួយក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាំយកមកវះកាត់និង
ព្យាបាលនៅមន្ទីពេទ្យ Jeremiah's Hope កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បងប្រុស ចាយ សុខឃី បានធូស្រាល ប្រសើរជាងមុន គាត់អាចកម្រើកដៃ ជើងនិងអាចនិយាយបាន។
ក្រុមគ្រួសារបងប្រុស ចាយ សុខឃី បានបង្ហាញគុណូបការៈគុណ និងគោរពថ្លែងអំណរគុណចំពោះការឧបត្ថម្ភដ៍ថ្លៃថ្លាបំផុតប្រកបដោយ ទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌ដ៍មានតម្លៃមិនអាចកាត់ថ្លៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានផ្តល់ជីវិតថ្មី ក្តីសង្ឃឹមថ្មីនិងបានធ្វើឲ្យជីវភាពគ្រួសារមានលក្ខណៈ ប្រសើរជាងមុនដល់ក្រុមគ្រួសារគាត់។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ករណីនេះមានលក្ខណៈលំបាកស្មុគស្មាញ បើមិនមានការព្យាបាលទាន់ពេល វេលានោះទេ អ្នកជំងឺអាចមាមពិការភាពមួយជីវិតឬ អាចបាត់បង់ជីវិតទៀតផង។ នេះមិនមែនជាករណីធ្ងន់ធ្ងរទីមួយទេដែលក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានជួយសង្គ្រោះជីវិតនោះទេ គឺក្រុមការងារនៃសមាគមនេះបាន វះកាត់និងព្យាបាលសង្គ្រោះ ជីវិតប្រជាពលរដ្ឋជាច្រើននាក់មកហើយ៕