(កំពង់ធំ)៖ លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា ជីវកេង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំសំណះសំណាល និងពិសាអាហារសាមគ្គីជាមួយប្រជាពលរដ្ឋនៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណជិត៦០០នាក់។
កម្មវិធីនេះមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី រួមជាមួយគណៈប្រតិភូអំដំណើរមកពីរាជធានីភ្នំពេញ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អនុប្រធាន និងចៅក្រមតុលាការកំពូល ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូបផងដែរ។
លោក ជីវ កេង បាននូវរំលឹកអនុស្សាវរីយ៍ដ៏កម្សត់កម្រពោរពេញដោយមនោសញ្ជេតនានឹករំលឹកយ៉ាងជ្រាលជ្រៅជាមួយសាច់ញាតិ មិត្តភក្តិ និងប្រជាជនក្នុងភូមិដែលធ្លាប់បានរស់នៅ និងធ្វើការងារពលកម្មជាមួយគ្នាក្នុងរយ:ពេល៣ឆ្នាំ៨ខែ២០ថ្ងៃ នៃរបបខ្មែរក្រហមដែលបានបង្ខំឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងលោកផ្ទាល់លើកទំនប់ និងជីកប្រឡាយ ហាលថ្ងៃហាលភ្លៀង អត់បាយក្រហាយពោះរាល់ថ្ងៃ។
លោក ជីវ កេង គូសបញ្ជាក់ថា ការជួបជុំនិងពិសាអាហារសាមគ្គីនាថ្ងៃនេះ គឺខុសពី៤៥ឆ្នាំមុន ពោលគឺខុសដូចមេឃនិងដី ព្រោះពេលបច្ចុប្បន្ននេះយើងកំពុងជួបជុំនិងហូបអាហារក្រោមម្លប់សន្តិភាព ជាមួយនឹងការអភិវឌ្ឍ សុខសាន្តត្រាណ ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុនប្តូរយកជូនប្រជាជននិងប្រទេសកម្ពុជា ហហើយបាននិងកំពុងត្រូវបានបន្តរក្សាដោយអ្នកដឹកនាំបន្តវេនដ៏ឆ្នើមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោក ជីវ កេង បានលើកឡើងនូវពាក្យស្លោកថា “ផឹកទឹក ត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកគុណដល់អ្នកដាំ” ដែលជាគោលការណ៍លោកតែងប្រកាន់ខ្ជាប់ជានិច្ច។
សូមបញ្ជាក់ថា លោក ជីវ កេង គឺជាឥស្សជនមួយរូបក្នុងវិស័យយុត្តិធម៌ដែលមានស្រុកកំណើតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំផ្ទាល់តែម្តង ហើយដោយសេចក្តីនឹករលឹក និងអនុស្សាវរីយ៍ចំពោះបងប្អូន សាច់ញាតិ មិត្តភក្តិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទើបលោករៀបចំកម្មវិធីជួបជុំសំណេះសំណាលសួរសុខទុក្ខ និងអាហារសាមគ្គីនាថ្ងៃនេះ៕