គណបក្សយុវជន ព្រមានធ្វើបាតុកម្មបើស្ថានទូតវៀតណាម មិនឆ្លើយតបនឹងញត្តិរបស់ខ្លួននៅអំឡុង ៣០ថ្ងៃ (Video Inside)
29-08-2016 09:32
(ភ្នំពេញ)៖ គិតរហូតដល់ ម៉ោង៩៖២០នាទី ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ការដាក់ញត្តិរបស់ គណបក្សយុវជនកម្ពុជារបស់ លោក ពេជ្រ ស្រស់ បានរំសាយហើយ បន្ទាប់ពីស្ថានទូតវៀតណាម មិនចេញមកទទួលញត្តិ ហើយត្រូវអភិបាលរងខណ្ឌចំការមនម្នាក់ ចេញមកទទួលជំនួស។
ទោះជាយ៉ាងណា ប្រធានគណបក្សយុវជនរូបនោះ ក៏បានព្រមានផងដែរថា បើសិនណាជាមិនមានការឆ្លើយតប ពីស្ថានទូតវៀតណាម ចំពោះញត្តិនេះ ក្នុងរយៈពេលមួយខែទេនោះ រូបលោកនឹងគៀកគរ កម្លាំងអ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាមតែម្តង។
លោក ពេជ្រ ស្រស់ បានចាត់ទុកថា ការមិនចេញមុខមកទទួលញត្តិពីសំណាក់ស្ថានទូតវៀតណាម គឺជាការប្រមាថ និងមើលងាយដល់ គណបក្សយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។ សូមបញ្ជាក់ថា នៅព្រឹកនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានធ្វើញត្តិដើម្បីដាក់ជូនស្ថានទូតវៀតណាម ទាមទារឱ្យបង្ហាញគោលជំហរបញ្ឈប់ ការរំលោភបំពានមកលើព្រំដែនកម្ពុជា។
ក្នុងញត្តិនោះ មានការទាមទារ៣ចំណុច រួមមាន៖ ទី១. រដ្ឋាភិបាលវៀតណាម ត្រូវចេញសេចក្តីថ្លែងការណ៍មួយជាសាធារណៈ ដើម្បីបញ្ជាក់គោលជំហរខ្លួនឱ្យច្បាស់លាស់ ក្នុងការបញ្ឈប់សកម្មភាពរំលោភ បូរណភាពទឹកដីកម្ពុជា។ ទី២. រដ្ឋាភិបាលវៀតណាម ត្រូវតែរុះរើគ្រប់សំណង់ទាំងឡាយណា ដែលបានសាងសង់នៅតំបន់ហាមឃាត់តាមព្រំដែនកម្ពុជា - វៀតណាម គ្រប់កន្លែង និងលុបស្រះដោយ គ្មានលក្ខខណ្ឌ ទី៣. រដ្ឋាភិបាលប្រទេសវៀតណាម ត្រូវបញ្ឈប់បន្ទាន់ចំពោះសកម្មភាព ប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរដែលរស់នៅ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ៕