(ភ្នំពេញ)៖ ដោយសទ្ធាជ្រះថ្លា និងក្តីអាណិតចំពោះ «កូននេន សីហា» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេនព្រះអង្គ ក៏ដូចជាព្រះសង្ឃដទៃទៀត។

សម្តេចតេជោ បានគូសបញ្ជាក់លើបណ្តាញសង្គមថា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី «កូននេនសីហា»

សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីរិះរកវិធីជួយដល់ «កូននេនសីហា» និងការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញ
ដី​បន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅ​អធិ​ការ​វត្ត និងកូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បី​ពិភាក្សាដោះស្រាយជាក់ស្តែង»

សម្តេចតេជោ បានអរគុណលោក អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយ​ពី «កូននេន សីហា»។ សម្តេចតេជោ ក៏បានអរគុណសប្បុរសជនដែលបាន
ជួយ «កូននេនសីហា» ដើម្បីកសាងព្រះវិហារ។ សម្តេចតេជោ ក៏បានអំពាវ​នាវដល់សប្បុរសជនបន្តជួយរហូតសាងសង់ព្រះវិហារក្នុងវត្តរួចរាល់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្តេចនឹងទទួលខុសត្រូវ​លើការ​ជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។

សូមបញ្ជាក់ថា «កូននេន សីហា» មានព្រះជន្ម៥វស្សា កំពុងគង់នៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ «កូននេន សីហា» កំពុងមានប្រជាប្រិយ​ភាពលើបណ្តាញសង្គម តាមរយៈការផ្សព្វផ្សាយវីដេអូសកម្មភាព​នានា​ដោយ​លោក អួន សារ៉ាត់។

វត្តដែលព្រះអង្គគង់នៅបច្ចុប្បន្នជួបការខ្វះខាត ហើយក៏កំពុងអំពាវនាវដល់សប្បុរសជន ដើម្បីជួយសាងសង់ព្រះវិហារផងដែរ៕