(កំពង់ធំ)​៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នាថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យទឹកសង្គ្រោះស្រូវរដូវប្រាំង ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលអាចជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ៣៤០ហិកតា។

ការចុះពិនិត្យទឹក ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងនេះ​ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក សម្រាប់ប្រជាពលរដ្ឋដែលកំពង់ត្រូវការទឹកបូមដាក់ស្រែរបស់គាត់ នារដូវប្រាំងនេះ។

លោកអភិបាលស្រុក បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ពេលដែលឃើញបងប្អូនប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុងការរំដោះទឹកពីប្រឡាយ ដើម្បីបានមកដល់ស្រែពួកគាត់ ហើយពួកគាត់សប្បាយចិត្ត ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។

សូមបញ្ជាក់ផងដែរថា ជិត១ខែមុននេះ ប្រជាកសិករនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ខណៈដែលរដូវធ្វើស្រូវប្រាំង ដូច្នេះហើយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានចុះពិនិត្យនៅលើផ្ទៃដីជាក់ស្ដែង និងប្រមូលព័ត៌មានពីប្រជាកសិករដល់ដីស្រែដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយបញ្ហាទឹកជូនឲ្យបានទាន់ពេល។

ទន្ទឹមនឹងការចុះដោះស្រាយបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករនេះ លោកអភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ងួន រតនៈ ដែលតែងយកចិត្តទុកដាក់ និងផ្ដល់ការណែនាំដល់អាជ្ញាធរថ្នាក់ក្រោម។

លោកក៏បានមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងសហការីទាំងអស់ ដែលបានពុះពារគ្រប់ការលំបាក សម្របសម្រួល ស្វះស្វែងរកប្រភពទឹកឆ្លងឃុំ ឆ្លងស្រុក ឆ្លងខេត្ត ដើម្បីធ្វើយ៉ាងណាបញ្ជូនទឹកមកដល់ស្រែស្រូវរបស់ប្រជាកសិករបានសម្រេចជាបន្តបន្ទាប់។

ប្រជាពលរដ្ឋក្នុងស្រែ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះកិច្ចអន្តរាគមន៍ទាន់ពេលរបស់អាជ្ញាធរស្រុក ពិសេសក្រោមការដឹកនាំដោះស្រាយរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត ដែលជួយឲ្យស្រែស្រូវរបស់ពួកគាត់មានទឹកបង្ហូរចូលឡើងវិញ សង្គ្រោះស្រូវ និងដំណាំផ្សេងៗទៀតបានទាន់ពេល។

ក្នុងនាមជាអាជ្ញាធរថ្នាក់ស្រុក លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ប្រជាកសិករក្នុងស្រុក ដែលបានរួមគ្នា ចែករំលែកគ្នា ទើបធ្វើឲ្យការដោះស្រាយបញ្ហារួមនេះ សម្រេចបាន បន្សាបនូវក្ដីបារម្ភទាំងឡាយរបស់ប្រជាកសិករ៕