(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ប៊ូ អាប់ឌុលឡា ប្រធានក្រុមហ៊ុន Bu Abdullah Group of Companies មកពីទីក្រុង ឌូបៃ។

ជំនួបនេះធ្វើឡើងនៅការិយាល័យផ្ទាល់របស់ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នារាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកឡើងពីអតីតកាលកម្ពុជា ដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ដែលក្នុងនោះសហគមន៍ឥស្លាម ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីឱកាសវិនិយោគនៅកម្ពុជា ដោយប្រទេសកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមសម្រាប់កៃឆ្នៃ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគិន និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីអាចធ្វើការពិចារណាក្នុងការមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍រួមរបស់ក្រុមហ៊ុន និងប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកពីគម្រោងមនុស្សធម៍មួយចំនួន ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដូចជាឧបត្ថម្ភដល់អុីមាំម៉ាស្ជិទ ចាស់ជរា កុមាកំព្រា និងជនទីទ័លក្រជាដើម និងស្នើសុំឲ្យភាគីនៃទីក្រុងឌូបៃ សិក្សាលើការផ្ដល់ជាជំនួយមនុស្សធម៍ ដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

លោកបណ្ឌិត ប៊ូ អាប់ឌុលឡា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបាន សុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោកបណ្ឌិត បានលើកឡើងថា គោលបំណងសំខាន់ក្នុងការមកកាន់ប្រទេសកម្ពុជា គឺដើម្បីចង់ដឹងពីព័ត៌មានមួយចំនួនទាក់ទងពីសក្តានុពលវិនិយោគ ការធ្វើពាណិជ្ជកម្ម និងចង់ឈ្វេងយល់ពីវប្បធម៌របស់កម្ពុជា ហើយយកធ្វើការផ្សព្វផ្សាយទៅកាន់សហភាពអារ៉ាប់រួម ដែលអាចនាំមកនូវឱកាសអាជីវកម្ម និងការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដល់ប្រទេសកម្ពុជា។

លោកក៏បានសម្ដែងនូវការរីករាយ ដែលបានទទួលនូវព័ត៌មានផ្សេងៗសម្រាប់ជាមូលដ្ឋានរបស់លោក ក្នុងការពិចារណានាំមកនូវក្រុមហ៊ុននានា មកធ្វើការវិនិយោគនៅក្នុងប្រទេកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន Bu Abdullah មានអាជីវកម្ម ផ្នែកពាណិជ្ជកម្ម លក់រាយប្រេង ឧស្ម័នធម្មជាតិ មាស ម្ហូបអាហារ សម្លៀកបំពាក់ និងវិស័យទេសចរណ៍ ជាដើម៕