(ស្វាយរៀង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ ១កន្លែង ដើម្បីយកអាចម៌ដីទៅចាក់ធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឱ្យក្រុមហ៊ុនឯកជនទៅវិញ។

ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៌ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៌ដីប្រឡាយរដ្ឋទៅចាក់ឱ្យក្រុមហ៊ុនឯកជនទៅវិញ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឱ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៌ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ បណ្ដោយឱ្យក្រុមរថយន្តដឹកដី ជីកយកអាចម៌ដីទៅលក់ឱ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយ ដោយមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនាំគ្នាមានការងឿយឆ្ងល់ថា រឿងនេះតើអាជ្ញាធរ ភូមិ ឃុំ ស្រុក បានដឹងដែរ ឬទេ? ឬមួយដឹងហើយធ្វើជាមិនដឹងមិនលឺ បណ្ដោយឱ្យក្រុមហ៊ុនដឹកអាចម៌នេះកាយយកដីទៅលក់តាមតែអំពើចិត្តបែបនេះ!។

ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅលោកមេឃុំខ្សែត្របានទេ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ។

ចំណែកឯលោក ឃុត គីម អភិលរងស្រុកកំពង់រោទិ៍ ទទួលបន្ទុកកិច្ចការងារនេះ បានឱ្យដឹងថា លោកកំពុងតែចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋធ្វើការតវ៉ានេះហើយ លទ្ធផលយ៉ាងណានោះ មិនអាចប្រាប់បាននោះ រងចាំការសម្របសម្រួលចប់សិន។

ប្រជាពលរដ្ឋបានសំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាចាត់វិធានការចំពោះរថយន្តដឹកដីដែលជីកយកអាចម៍ដីប្រឡាយរបស់រដ្ឋ ថាយកទៅធ្វើផ្លូវជូនប្រជាពលរដ្ឋ បែរជាយកអាចម៌ដីទៅចាក់ឱ្យក្រុមហ៊ុនឯកជនយ៉ាងរលូនទៅវិញនេះផង ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍ ក្នុងការប្រើប្រាស់ដីរដ្ឋឱ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន៕