(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ មន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅសាលាគណខេត្តក្រចេះ រយៈពេលពេញ១ថ្ងៃ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ពិធីបើកកម្មវិធីនេះដែរប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះរាជតំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសង្ឃដីកាស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាមឱ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឱ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

នាពិធីនោះដែរ លោក ហ៉ឹម និមល រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានណែនាំឱ្យបន្តការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នូវអនុសាសន៍ចំនួន៨ចំណុច៖
១. លើកកិត្យានុភាពព្រះពុទ្ធសាសនា
២. តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ
៣. ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ
៤. ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា)
៥. លើកកម្ពស់ក្រមសីលធម៌សង្គម
៦. ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ
៧. ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម
៨. កំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់។

ចំណែកពិធីបិទនៃកម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

លោកអភិបាលរងបានឱ្យដឹងថា វិស័យព្រះពុទ្ធសាសនា គឺជាសាសនាមួយក្នុងចំណោមសាសនាធំៗលើសកលលោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈព្រះមន្ត្រីសង្ឃខេត្ត ក្រុង និងស្រុកគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទាំង១៨០វត្ត ក្នុងខេត្តក្រចេះ លោកប្រធានមន្ទីរ លោក លោកស្រីមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងលោកគ្រូ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទប្រមាណ៦០៣អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន២២១អង្គ។

គួរជម្រាបថា នៅទូទាំងខេត្តក្រចេះ មានវត្តសរុបចំនួន១៨០វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន១៦៧វត្ត វត្តគណៈធម្មយុត្តិកនិកាយមានចំនួន១៣វត្ត ព្រះសង្ឃសរុបទូទាំងខេត្តមានចំនួន ១,៤២២អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយចំនួន១,៣៣៥អង្គ សមណេរចំនួន៩៥៦អង្គ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន៨៧អង្គ សមណេរចំនួន៧២អង្គ អាចារ្យចំនួន៥២២នាក់ គណៈកម្មការចំនួន៨៥១នាក់ តាជីមានចំនួន៤នាក់ យាយជីចំនួន៦២នាក់ និងអ្នកស្នាក់នៅក្នុងវត្តចំនួន ២៤៦នាក់។ ចំពោះគ្រិស្តសាសនា នៅទូទាំងខេត្តក្រចេះមានវិហារ២២កន្លែង ស្នាក់ការថ្វាយបង្គំគ្រិស្តសាសនា៤៤កន្លែង មានបរិស័ទសរុប១,៨១១នាក់ ស្រី៥០៧នាក់។ ពុទ្ធសាសនាមហាយាន
មានចំនួន៣កន្លែង មានបរិស័ទសរុប៣៨០នាក់។ ឥស្លាមសាសនា មានវិហារចំនួន៨៣កន្លែង សូរ៉ាវ១៣៣កន្លែង អ៊ីមាំម៉ាស្ជីត៨០នាក់ មានបរិស័ទសរុប៤៤,៨៥២នាក់។

រីឯពុទ្ធិកសិក្សា និងបណ្ណាល័យ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាធម្មវិន័យចំនួន១កន្លែង សាលាពុទ្ធិកបឋមសិក្សា មានចំនួន១៥កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស ចំនួន៥៨៧អង្គ/នាក់៕