(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានអំពាវនាវគ្រូឲ្យពេទ្យទាំងអស់ ជាពិសេសគ្រូពេទ្យកុមារ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ និងមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ទើបការព្យាបាលទទួលបានប្រសិទ្ធភាព។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានធ្វើឡើងក្នុង «ទិវាវេជ្ជសាស្ត្រកុមារលើកទី២៦» ដោយមានការចូលរួមពីសំណាក់បណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសុខាភិបាល សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជាជាង៣០០នាក់។

លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងយ៉ាងដូច្នេះថា « ក្រមសីលធម៌សូមរំលឹកឡើងវិញមែនទែន ការយកចិត្តទុកដាក់ អកប្បកិរិយាចំពោះអ្នកជំងឺ អាហ្នឹងហើយជាកាផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ ដល់កុមារដែលឈឺ ពិសេសយើងគិតគូរដល់ម្តាយឪពុក កាលណាកុមារឈឺ ផ្តល់ភាពកក់ក្តៅ កាលណាដែលគាត់មានភាពកក់ក្តៅ យើងមានលទ្ធភាពកាន់តែច្រើនដោយសារយើងមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ គឺពេលហ្នឹងហើយដែលធ្វើឲ្យការព្យាបាលយើងអាចអនុវត្តបានដោយរលូន ហើយប្រកបដោយគុណភាព»។

លោកបានលើកឡើងបន្តថា អ្នកជំងឺខ្លះសម្រាកនៅពេទ្យរយៈពេលកន្លះខែ កន្លះខែក្រោយមកចេញពីពេទ្យសួរថាឈឺអីបានគេងពេទ្យ មិនដឹងពីមូលហេតុមិនដឹងថាឈឺអីផង ទាំងអស់នេះហើយគឺដោយសារតែការខ្វះការទំនាក់ទំនង របៀបរបនៃការព្យាបាល ដែលគ្រូពេទ្យកុមារត្រូវយកតែចិត្តទុកដាក់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ចាក់ផងដែរថា «ទិវាវេជ្ជសាស្ត្រកុមារលើកទី២៦» នេះរៀបចំឡើងក្នុងគោលបំណង ពង្រឹង និងបង្កើនចំណេះដឹង វិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំង អស់ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព ផ្ដល់នូវវេទិកាដល់អ្នកឯកទេសផ្នែក រោគកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកសារៈសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារនៅកម្ពុជា៕