(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឲ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឲ្យបានគ្រប់ៗគ្នា។

លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើដូច្នេះ នារសៀលថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២៤នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត និងប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគទី២។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដាំផ្ញើដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងក្រុមការងារ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវពង្រឹងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យបានល្អកាត់បន្ថយបទល្មើសគ្រប់ប្រភេទ។ ជាមួយគ្នានេះ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កែប្រែឥរិយាបថ និងចំណុចដែលខ្វះខាត ពោលគឺធ្វើខ្លួនឲ្យល្អ ដើម្បីធ្វើដំណើរលើឃឿនលទ្ធិប្រជាធិបតេយ្យ ឲ្យទទួលបានជ័យជម្នះនេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕