(ភ្នំពេញ)៖ រហូតដល់ម៉ោង៩៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ តំណាងស្ថានទូតវៀតណាម បានមិនបានចេញមកទទួលញត្តិរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានោះទេ ប៉ុន្តែអភិបាលរងខណ្ឌចំការមនម្នាក់ បានចេញមុខទទួលជំនួស ហើយសន្យាថា នឹងប្រគល់ជូនឱ្យដល់ដៃស្ថានទូតវៀតណាម។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន នៅព្រឹកនេះ បានធ្វើញត្តិដើម្បីដាក់ជូនស្ថានទូតវៀតណាម ទាមទារឱ្យបង្ហាញ គោលជំហរបញ្ឈប់ ការរំលោភបំពានមកលើព្រំដែនកម្ពុជា។
ក្នុងញត្តិនោះ មានការទាមទារ៣ចំណុច រួមមាន៖
ទី១. រដ្ឋាភិបាលវៀតណាម ត្រូវចេញសេចក្តីថ្លែងការណ៍មួយជាសាធារណៈ ដើម្បីបញ្ជាក់គោលជំហរខ្លួនឱ្យច្បាស់លាស់ក្នុងការបញ្ឈប់ សកម្មភាពរំលោភបូរណភាពទឹកដីកម្ពុជា។
ទី២. រដ្ឋាភិបាលវៀតណាម ត្រូវតែរុះរើគ្រប់សំណង់ទាំងឡាយណា ដែលបានសាងសង់នៅតំបន់ហាមឃាត់តាមព្រំដែនកម្ពុជា - វៀតណាម គ្រប់កន្លែង និងលុបស្រះដោយគ្មានលក្ខខណ្ឌ
ទី៣. រដ្ឋាភិបាលប្រទេសវៀតណាម ត្រូវបញ្ឈប់បន្ទាន់ចំពោះសកម្មភាពប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម ។
ទោះជាយ៉ាងណា ប្រធានគណបក្សយុវជនរូបនោះ ក៏បានព្រមានផងដែរថា បើសិនណាជាមិនមានការឆ្លើយតបពីស្ថានទូតវៀតណាម ចំពោះញត្តិនេះ ក្នុងរយៈពេលមួយខែទេនោះ រូបលោកនឹងគៀកគរកម្លាំងអ្នកស្នេហាជាតិ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងស្ថានទូត វៀតណាមតែម្តង។
លោក ពេជ្រ ស្រស់ បានចាត់ទុកថា ការមិនចេញមុខមកទទួលញត្តិពីសំណាក់ស្ថានទូតវៀតណាម គឺជាការប្រមាថ និងមើលងាយដល់ គណបក្សយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ៕