(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការស៊ីអិមអិមស៊ី ក្តីសង្ឃឹមនៃយេរេមា បានប្រារព្ធធ្វើសន្និសីទបេះដូងសរសៃឈាមអន្តរជាតិកម្ពុជា ប្រចាំឆ្នាំលើកទី៨ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមពីលោវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឆ្នាំនេះជាលើកទី៨ នៃការប្រារព្ធធ្វើសន្និសីទបេះដូងសរសៃឈាម អន្តរជាតិកម្ពុជា ក្រោមប្រធានបទ «ការរីកចម្រើន និងបញ្ហាប្រឈមក្នុងផ្នែកជំងឺបេះដូង» ក្រោមការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ដែលជា សាស្តា្រចារ្យ វេជ្ជបណ្ឌិតឯកទេសល្បីៗ ផ្នែកបេះដូង និងវិបត្តិចង្វាក់បេះដូងមកពីសហរដ្ឋអាមេរិក ហុងកុង កូរ៉េខាងត្បូង វៀតណាម ប្រកបដោយគុណភាព និងមានគុណតម្លៃសម្រាប់បណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ ដែលជាវេជ្ជ បណ្ឌិត ឯកទេស វេជ្ជបណ្ឌិតទូទៅ និងនិស្សិតពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមសន្និសីទដោយឥតគិតថ្លៃពីសំណាក់លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រចំនួនជាង៣០០នាក់។

គួរបញ្ជាក់ថា សន្និសីទបេះដូង-សរសៃឈាម អន្តរជាតិកម្ពុជាប្រចាំឆ្នាំលើកទី៨ ត្រូវបានរៀបចំឡើងដោយ អង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា (CMMC/Jeremiah’s Hope) ក្រោមការគាំទ្រពីសមាគមគ្រូពេទ្យ បេះដូងកម្ពុជា សហការជាមួយមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

អង្គការស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា ជាអង្គការសេវាថែទាំសុខភាព ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងការថែទាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ និងមានក្រុមវេជ្ជបណ្ឌិតវះកាត់ស្ម័គ្រចិត្តពីសហរដ្ឋអាមេរិកពី៦ ទៅ ៧ ក្រុមផ្សេងៗគ្នា ក្នុងមួយឆ្នាំរួមមាន៖ ផ្នែកបេះដូង និងសសៃឈាមបេះដូង ផ្នែកឆ្អឹង ផ្នែកខួរក្បាល និងផ្នែកវះកាត់ជំងឺទូទៅជាដើម។

ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យើងមានគ្រូពេទ្យស្ម័គ្រចិត្តផ្នែកបេះដូង ដែលបានចុះមកធ្វើការពិគ្រោះជំងឺផ្នែកបេះដូង ការវះកាត់ដូរប្រឺសបេះដូង និងការដាក់ថ្មបេះដូងជូនអ្នកជំងឺ។ ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកវិបត្តិចង្វាក់បេះដូង បានធ្វើការវះកាត់ និងដាក់ថ្មបេះដូងជូនអ្នកជំងឺបាន៖ ១៥ករណី នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត១០ករណី នៅមន្ទីរពេទ្យកាល់ម៉ែត២ករណី នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលរួមមាន RF ablation with 3D mapping, Device implantation: LBB pacing pacemaker, CRT-D implantation and Micra AV implantation។

បន្ថែមពីលើនេះទៀត នៅអង្គការស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានធ្វើការពិគ្រោះជំងឺផ្នែកបេះដូងបានចំនួន៦៧នាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន២៤នាក់ ដែលត្រូវទទួលយកការវះកាត់ដូរប្រឺស និងជួសជុលប្រឺសបេះដូង៕