(ភ្នំពេញ)៖ ផ្នែកផែនការ យុទ្ធសាស្រ្ត ដែលជាសេនាធិការឲ្យយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលមធ្យម និងវែង និងការតាមដាន និងវាយតម្លៃ លើការងារកសាងកម្លាំងយុវជន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងទិសដៅការងារជាយុទ្ធសាស្រ្តបន្ត ដើម្បីជួយគណបក្សប្រជាជនកម្ពុជា បន្តមានប្រៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

កិច្ចប្រជុំបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសំខាន់ៗរបស់ផ្នែកប្រមាណ៣០រូប កិច្ចប្រជុំ បានប្រព្រឹត្តទៅក្រោម អធិបតីភាព លោក ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយបានលើកយកនូវរបៀបវារៈគន្លឹះ ចំនួនពីរ មកធ្វើការពិភាក្សា៖ ១. របាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និង ២. ទិសដៅការងារជាយុទ្ធសាស្រ្តបន្ត។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស ដោយក្នុងនោះបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែកសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងរឹងមាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និយាយជារួម និងលទ្ធផលការងារ ដែលផ្នែកផែនការយុទ្ធសាស្រ្តសម្រេចបាន និយាយដោយឡែក រួមមាន៖ ការរៀបចំ ផែនការរួមសម្រាប់យុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកយកទៅអនុវត្ត ពាក់ព័ន្ធ និងការងារបោះឆ្នោតឆ្នាំ២០២៣ ក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលមធ្យម និងវែង រួមមានចក្ខុវិស័យ បេសកកម្ម កម្មវិធី និងចង្កោមសកម្មភាព និងផែនការសកម្មភាព ប្រចាំឆ្នាំ និង ឯកសារជំនួយស្មារតីនានាសម្រាប់ឲ្យសកម្មជនយុវជនគណបក្សយកទៅ ប្រើប្រាស់ ក្នុងមូលដ្ឋានរបស់ខ្លូនក្នុងវាយបកទៅលើការរិៈគន់មួលបង្កាច់ គ្មានមូលដ្ឋាន ច្បាស់លាស់របស់មជ្ឈដ្ឋានប្រឆាំងនានាមកលើគណបក្ស ។

ចំពោះទិសដៅការងារ ជាយុទ្ធសាស្រ្តបន្ត អង្គប្រជុំបានសម្រេច ធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌយុទ្ធសាស្រ្តយុវជន គណបក្សថ្នាក់កណ្តាលសម្រាប់រយៈពេល ៥ឆ្នាំ (២០២៤ - ២០២៨) ឲ្យស្រប ទៅតាមបរិបទនយោបាយថ្មី ដោយផ្តោតការយកចិត្តទុកដាក់ទាំង ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង និងការងារបោះឆ្នោត តាមរយៈការពង្រឹងរបៀបរបបការងារ ការពង្រឹងទស្សនៈ គោលជំហ និងសកម្មភាព ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាពយុវជន គណបក្សឲ្យក្លាយទៅជា ទំពាំងស្នងឬស្សីបន្តវេន ប្រកបដោយ គុណធម៌ និងប្រសិទ្ធភាពការងារខ្ពស់ជូនជាតិ និងប្រជាជនកម្ពុជា៕