(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង បានប្រគល់ម៉ូតូ៦គ្រឿង ជូនសិស្សប្រលងជាប់សញ្ញាបត្រ (BacII) និទ្ទេសA ខណៈសិស្សទទួលបាននិទ្ទេស B ទទួលបាន Labtop ម្នាក់មួយគ្រឿង ព្រមទាំងផ្តល់មេដាយមាស ប្រាក់ សំរឺទ្ធ ពាន ដល់សិស្សនៃការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ក្នុងកម្មវិធី Great Cambodia Global Olympiad (GCGO) និងបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនសិស្សពូកែប្រចាំឆ្នាំ២០២២-២០២៣ នៃសាលា

ចំណេះទូទៅអន្តរជាតិឌូវី ក្រុងបាត់ដំបង។

ពិធីនេះធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅវិមានចម្រើនសិរីមង្គលចំការដូង ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ធូ ភា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនឌូវី និងមានការអញ្ជើញចូលរួមពីលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តនិងអ្នកពាក់ព័ន្ធនានាផ្សេងទៀត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស ចូលរួមជាច្រើននាក់។

លោក ខែម រស្មី បានបញ្ជាក់ពីលទ្ធផលលោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀនសិស្សទាំងចំណេះទូទៅ វិទ្យាសាស្រ្តបច្ចេកទេសដល់សិស្សានុសិស្សបានលទ្ធផលល្អប្រសើរបំផុតព្រមទាំងកោតសរសើរដល់សិស្ស ដែលបានខិតខំរៀន សូត្រ បានលទ្ធផលជាសិស្សពូកែ ព្រមទាំងទទួលបាន បណ្ណសរសើរពីសាលាថែមទៀតផង ក្នុងនោះមានថ្នាក់មតេយ្យសិក្សា ថ្នាក់បឋមសិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃសាលាចំណេះទូទៅខ្មែរ និងសាលាចំណេះទូទៅអាមេរិកាំង។

លោក ធូ ភា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមកសាងធនធានមនុស្ស មានការកើនឡើងជារាល់ឆ្នាំនេះជាការរួមចំណែកប្រកួតប្រជែងលើវិស័យអប់រំជាអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់រួចកន្លងមក។

លោកបានបន្តថា យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់និងទប់ស្កាត់ពីបញ្ហាគ្រឿងញៀននៅតាមសាលា ក្នុងបទបញ្ជាផ្ទៃក្នុងរបស់សាលា ត្រូវរឹតបន្តឹងវិន័យ សីលធម៌ និងត្រូវនៅជៀសឲ្យឆ្ងាយពីគ្រឿង
ញៀនផងដែរ។

ក្នុងនាមសាលា ក៏ដូចជាគ្រូបង្រៀន យើងត្រូវខិតខំបង្ហាត់បង្ហាញ កសាងពួកគេឲ្យក្លាយជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ សាលាត្រូវបង្កើត និងពង្រឹងសមត្ថភាពខ្លួនឯង និងសិស្សដែលបានរៀនសូត្រក្នុងសាលានេះ គឺខំប្រឹងប្រែងរៀនសូត្រពូកែត្រូវជៀសវាងនៅឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីទុកពេលវេលាគ្រប់គ្រាន់រៀនសូត្រពូកែ មានចំណេះដឹងដល់ខ្លួនសម្រាប់កសាងខ្លួនយើង សង្គមជាតិយើងមានការរីកចម្រើននាពេលអនាគត់ផងដែរ។

លោកបានបញ្ជាក់ផងដែរថា ឪពុកម្តាយណា ក៏ដូចគ្នាគឺចង់ឲ្យកូនរៀនពូកែ តែបើកូនរៀនមិនជាប់ សូមកុំឲ្យធ្លាក់ក្នុងអបាយមុខទាំង៤ ហើយបើកូនធ្លាក់ក្នុងអបាយមុខហើយក៏អត់ចោលកូនដែរ សុំឲ្យតែកូនដើរលេងសប្បាយ បានហើយ កុំឲ្យក្លាយខ្លួនជាបងតូចបងធំ ហើយបើហាមលេងស្តាប់ទៀតក្លាយបងតូចបងធំទៅ សូមកុំឲ្យញៀនថ្នាំ នេះជាបំណងរបស់ឪពុកម្តាយចង់បានបើកូនៗ ខិតខំរៀនសូត្របានពូកែ មានចំណេះដឹង មានកិត្តិយសទាំងខ្លួនឯងផងនិងកិត្តិយសដល់ឪពុកម្តាយក្រុមគ្រួសារផងដែរ។

ជាពិតណាស់ សាលាដែលមានគុណភាពល្អ ត្រូវមានធាតុផ្សំ៤ ជាចាំបាច់រួមមាន៖

*ទី១៖ ការគោរពបទបញ្ជាផ្ទៃក្នុង ឲ្យបានត្រឹមត្រូវ និងទៀតទាត់ គ្រូមានការតព្វកិច្ចបង្រៀនទៀងទាត់តាមគរុកោសល្យ បង្រៀនទៅតាមការសិក្សា បង្រៀនដោយទទួលខុសត្រូវ ហើយសិស្សមានការតព្វកិច្ចរៀនជាការលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ពេលណាឃើញសិស្សចង់រៀន គ្រូក៏ចង់បង្រៀនសិស្សវិញដែរ នេះកាដូរដ៏ធំដែលសិស្សចង់ចង់ដឹង គ្រូក៏បង្រៀនដែរ ព្រមទាំងមានបរិស្ថាន អនាម័យ ជាភាពទាក់ទាញ។

*ទី២៖ សាលាដែលមានការជឿទុកចិត្តពីអាណាព្យាបាល គឺបង្រៀនសិស្សដែលមិនចេះសោះ ឲ្យក្លាយជាសិស្សចេះ សិស្សដែលអាចចាប់បានគ្រូគួរលើកទឹកចិត្តដល់សិស្ស ណាដែលមិនចង់រៀនមុខវិជ្ជាណាមួយឲ្យគាត់មកចង់ រៀនវិញ ហើយចេះចង់រៀនឡើងវិញ ធ្វើយ៉ាងណាកុំឲ្យសិស្សនោះបោះបង់ការសិក្សាឲ្យសោះ តែបើគណ:គ្រប់គ្រងសាលាមានសិល្ប:ដល់សិស្ស ដែលចាប់មិនបានឲ្យក្លាយជាសិស្សចង់ចាប់រៀនឡើងវិញ ហើយសិស្សនោះក៏អាចក្លាយជាសិស្សពូកែវិញបានដែរ កាលណាគេចេះចាប់បាន អាត្រាបោះបង់ការសិក្សាមានការធ្លាក់ចុះ និងមានចិត្តចង់រៀនឡើងវិញធ្វើឲ្យអាត្រាប្រលងធ្លាក់ក៏មានធ្លាក់ចុះផងដែរ។

*ទី៣៖ សាលាល្អ គឺអាត្រាប្រលងជាប់នៅដំណាច់ឆ្នាំនីមួយៗគឺមានភាគរយខ្ពស់ជាគេ។

*ទី៤៖ សិស្សដែលបានចេញពីសាលានោះបានក្លាយជាដឹកនាំគម្រូ ក្លាយជាអ្នកមានផលប្រយោជន៍ដល់សង្គម ឬក្លាយជាអ្នកធុរកិច្ចរដ្ឋបាលនៅក្នុងសង្គម (អាជីវករដែលមានមុខមាត់នៅក្នុងសង្គម) ធាតុផ្សំទាំង៤នេះ ជាភាពចាំបាច់របស់ទាំងអស់រាប់ទាំងសាលារដ្ឋនិងឯកជន បើសាលាមិនមានភាពផ្សំទាំង៤នេះទេ សាលានោះមិនអាចចាត់ទុកជាសាលាល្អ ជាសាលាគួជាទីទុកចិត្តរបស់អាណាព្យាបាលបានទេ។

ជាក់ស្តែងសាលាឌូវីនេះ គឺបានផ្តល់ធាតុផ្សំទាំង៤រួចហើយ និងលើកទឹកចិត្តដល់សាលាឲ្យផ្តល់ធាតុផ្សំនេះបន្ថែមទៀត ម្យាងយើងបានសង្កេតនិងវាយតម្លៃឃើញថា សាលាឌូវីនេះ ក៏បានធ្វើឲ្យសិស្សដែលមក
រៀនសាលានេះបានឃ្លាតឆ្លាយពីភាពអាបាយមុខទាំង៤នេះរួចផងដែរ។ ជាកិច្ចបញ្ចប់គណ:អធិបតីក៏បានឡើងជូនរង្វាន់ ជ័យលាភី ដល់សិស្ស ទៅតាមជំនាញរៀងៗខ្លួនផងដែរ៕