(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុងតំបន់៣ (តំបន់ពាក់ថែប) ដែលរងការទន្ទ្រានឈូសឆាយជាច្រើនហិកតាដោយខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ក្រោយពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ដែលគ្រប់ជនទុច្ចរិតបានលួចឈួសឆាយដីក្នុងតំបន់៣ (តំបន់ពាក់ថែប) លោក ងួន រតនៈ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចុះតាមដាន សកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដោយអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

លោកបានបញ្ជាឲ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែងដីដែលបានឈូសឆាយនេះកំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងត្រូវធ្វើការដកហូតមកវិញទុកជាសម្បត្តិរបស់រដ្ឋ។ លោកបានបញ្ជាក់ទៀតថា លោកមិនលើកលែងចំពោះជនណាដែលនៅតែប្រព្រឹត្តបទល្មើស ដដែលៗនេះជាដាច់់ខាត៕