(សៀមរាប)៖ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអំពាវនាវដល់ឱសថការីទាំអស់ ដែលប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវលើកកម្ពស់ថែរក្សា និងព្យាបាលដល់ ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងគោរពច្បាប់នៃវិជ្ជាជីវៈ។

ការគោរពប្រកបដោយក្រមសីលធម៌ និងច្បាប់នៃវិជ្ជាជីវៈ មានសារៈសំខាន់ណាស់សម្រាប់ឱសថការីម្នាក់ ត្រូវមានកាតព្វកិច្ច ករណីយកិច្ចក្នុងការប្រកបវិជ្ជាជីវៈ កុំយកវិជ្ជាជីវៈជាអាជីវកម្ម មានន័យថា យើងត្រូវគោរពស្រឡាញ់ ប្រជាជីវិតយើង និងគោរពស្រឡាញ់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅក្នុងកន្លែងរបស់យើង មន្ទីរពិសោធន៍ ឱសថស្ថានរង ឱសថស្ថាន មន្ទីរពេទ្យរដ្ឋ និង​ឯកជន ឬក៏រោងចក្រ ក្រុមហ៊ុន សហគ្រាសផ្សេងៗ យើងត្រូវផ្ដល់សេវាទាំងនោះ ដោយគោរពទៅតាមច្បាប់។

លោក បាន បុត្តា បានអំពាវនាវយ៉ាងដូច្នេះក្នុងពិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈ ឱសថការី និងនិយាមវិជ្ជាជីវៈ ឱសថការី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប, លោកឱសថការី វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិទី២ ,លោកស្រីឱសថការី លី វណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប និងលោក លោកស្រី សមាជិក-សមាជិកាជាច្រើនចូលរួមផង​ដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោកស្រីឱសថការី លី វណ្ណៈ បានលើកឡើងថា សិក្ខាសាលានេះ គឺចង់បង្ហាញពីតួនាទីឱសថការីនៅក្នុងសេវាសាធារណៈ និង សេវាឯកជន ដែលជាការរួមចំណែកយ៉ាងសកម្ម និងមានសារសំខាន់ សម្រាប់សង្គម និងនិយាមវិជ្ជាជីវៈឱសថការី គ្របដណ្តប់លើឱសថការីទាំងអស់ នៅក្នុងប្រទេសកម្ពុជាទាំងឱសថការីមធ្យម ឱសថការីឧត្តម និងឱសថការីឯកទេស។ ការបង្កើតនិយាមវិជ្ជាជីវៈនេះមានគោលបំណង ដើម្បីឲ្យអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ទាំងអស់ បំពេញកាតព្វកិច្ចផ្លូវច្បាប់ និងទំនួលខុសត្រូវវិជ្ជាជីវៈរបស់គណៈឱសថការីកម្ពុជា ក្នុងការការពារសាធារណៈជន ពីការអនុវត្តវិជ្ជាជីវៈ ដែលមិនមានក្រមសីលធម៌ ឬអសមត្ថភាព។

លោកស្រីឱសថការី បន្តថា តាមរយៈការកំណត់និយាមលើការអប់រំនិងការអនុវត្តរបស់ឱសថការី ដូច្នេះឱសថការីត្រូវមានកាតព្វកិច្ចចុះបញ្ជិកា ធ្វើអាជ្ញាបណ្ណ ដែលចេញដោយក្រុមប្រឹក្សាគណៈឱសថការី រាជធានី ខេត្ត ក្រោមការធ្វើប្រតិភូកម្ម ពីគណៈឱសថការីកម្ពុជា។ ម៉្យាងទៀត ចំពោះដែនកំណត់វិជ្ជាជីវៈឱសថការី មានគោលបំណងរៀបរាប់ពីការថែទាំ និងសេវាឱសថសាស្ត្រដែលបញ្ជាក់ច្បាស់ពីតួនាទី និងមុខងាររបស់ឱសថការី ថាតើចំណុចអ្វីខ្លះ ដែលឱសថការីនឹងផ្តល់ ជូនក្នុងការថែទាំសុខភាព និងសេវាឱសថសាស្ត្រ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា សិក្ខាសាលានេះនឹងបង្ហាញពីនិយាមវិជ្ជាជីវៈឱសថការី គឺជាឧបករណ៍និយ័តកម្មដ៏សំខាន់ ដើម្បីណែនាំអំពីការអនុវត្តសេវាឱសថសាស្រ្ត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះដែរ ការពង្រីកនូវសមត្ថភាព និងចំណេះដឹងរបស់ឱសថការី ក្នុងការចូលរួមធានា សុវត្ថិភាពដល់សាធារណៈជនទាក់ទងនិងសេវាឱសថសាស្រ្ត។

លោកវេជ្ជបណ្ឌិតសង្ឃឹងថា លោក លោកស្រី ឱសថការី និងអ្នកពាក់ព័ន្ធទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មី និងតាមអោយទាន់ការអភិវឌ្ឍន៍ថ្មីៗ តួនាទី ភារកិច្ច ព្រមទាំងការអនុវត្តស្របតាមច្បាប់គតិយុទ្ធផ្សេងៗ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ការលើកតម្កើងវិស័យឱសថសាស្ត្រអោយកាន់តែប្រសើរបន្ថែមទៀត ជាពិសេសការជួយទ្រទ្រង់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្តថា ដើម្បីក្លាយជាឱសថការី ជាបញ្ញាវ័ន្តមួយរូប ដែលទទួលស្គាល់ពីស្ថាប័នជាតិ ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដែលផ្ញើរជីវិតមកលើយើង សូមឱសថការីទាំងអស់ ត្រូវផ្តល់ការគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈជាធរមានឲ្យបានល្អ ព្រោះមនុស្សគ្រប់រូបពេលឈឺនឹកឃើញពេទ្យ ហើយតែងគិតថា ពេទ្យគឺជាព្រះ ឬទេវតា ដែលអាចជួយគាត់បាន ប៉ុន្តែយើងជាឱសថការី ក៏ត្រូវការយន្តស័ក្តសិទ្ធសម្រាប់ការពារខ្លួនយើងដែរ គឺចុះបញ្ជីគណៈឱសថការីឲ្យបានគ្រប់ៗគ្នា។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដាក់នៅអនុសាសន៍ គោលនយោបាយជាតិ សំខាន់ពីបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ នេះគឺជាកត្តាសំខាន់មួយ ហើយនៅមានគោលនយោបាយជាច្រើនទៀតផងដែរ។ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌ និងសមត្ថភាពផងដែរ៕