(ក្រចេះ)៖ លោក នេត្រ ភក្រ្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា «យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយ លទ្ធផលត្រចះត្រចង់ និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត»

លោកសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា នៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»

ការលើកនេះបានធ្វើឡើង ខណៈលោកប្រធានក្រុមការងារ បានជួបប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ មណ្ឌលក្រចេះរួមមាន៖ លោក សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ, លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, លោក អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ, សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ។

តាមរយៈរបាយការណ៍របស់លោក ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា នៅខេត្តក្រចេះ មានអង្គបោះឆ្នោតសរុបចំនួន ៣០៣នាក់ ក្នុងនោះមកពី គណបក្សប្រជាជនកម្ពុជា ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២៤៧នាក់។

ខេត្តក្រចេះ ស្ថិតនៅមណ្ឌលភូមិភាគទី៨ រួមមាន៖ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានចំនួន ៦ អាសនៈ។ បន្ទាប់ពីអស់លោក លោកស្រីជាប្រធានគណៈកម្មាធិការ គណបក្សក្រុងស្រុក ជម្រាបជូនពីសភាពការណ៍នយោបាយជារួមក្នុងមូលដ្ឋានស្រុកក្រុង រួចមក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ទាក់ទងដំណើរការបោះឆ្នោត និងការធ្វើសកម្មភាពការងារ នៅទូទាំង ស្រុក ក្រុងនៃខេត្តក្រចេះ ឱ្យដំណើរការទៅបានល្អ។

លោក នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតគឺជាមធ្យោបាយប្រជាធិបតិបតេយ្យតែមួយគត់ ក្នុងការឡើងដឹកនាំអំណាច។

លោកប្រធានក្រុមការងារបានស្នើដល់អង្គបោះឆ្នោតទាំង ២៤៧រូប ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអាចអញ្ជើញទៅធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា៕