(ព្រះសីហនុ)៖ លោក តាំង សំណាង ប្រធានសមាគមជនជាតិចិនធៀងភីងកម្ពុជា ក្រោមកិច្ចសហការពីសមាគមមូលនិធិសាធារណរដ្ឋបារាំង ឡាយ អិនក្លិប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បាននាំយករថយន្ដ សង្គ្រោះចំនួន២គ្រឿង និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ដល់ពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែប។

ក្នុងឱកាសនោះលោក លោក នុត សវនា អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងលោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសើរចំពោះលោក តាំង សំណាង និងសប្បុរសធម៌ដែលបានចូលរួមវិភាគទានក្នុងការការងារស្ដារនីតិសម្បទា និងសេវាអប់រំកែប្រែ និងសុខភាពជនជាប់ឃុំនៅកម្ពុជា ហើយនាពេលកន្លងមកសមាគម តែងតែជួយដល់ពន្ធនាគារក្នុងគ្រាដែលជួបបញ្ហាបិទខ្ទប់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយខេត្តព្រះសីហនុ មានការផ្ទុះរាលដាលឆ្លងមុនគេ ក្នុងចំណោមបណ្តារាជធានីខេត្ត។

លោក នុត សាវណា បានបន្តថា ក្នុងនាមសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា តែងតែមានវត្តមាន និងសកម្មភាពចូលរួមយ៉ាងសកម្មដោយបានកៀងគររកថវិកាក្នុងការឧបត្ថម្ភនៅសម្ភារបរិក្ខារសុខាភិបាល ដោយមានម៉ាស អាកុល ជែល វ៉ាក់សាំង និងសម្ភារៈមួយចំនួនទៀតដើម្បីទប់ស្កាត់ក្នុងកំឡុងផ្ទុះជំងឺកូវីដ១៩ សម្រាប់ជនជាប់ឃុំ។ ជាក់ស្ដែងថ្មីៗនេះពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែប បានទទួលនូវរថយន្តសង្គ្រោះ រថយន្តបំពេញការងារ បម្រើអង្គភាព រួមទាំងសម្ភារបរិក្ខារសុខាភិបាលដែលជាជំនួយឧបត្ថម្ភ ហើយសមិទ្ធផល នៃអំណោយទាំងអស់នេះគឺទទួលបានពីសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា រួមទាំងមានការចូលរួមពីមូលនិធិបារាំង (ឡាយអិនក្លិប) ផងដែរ។

លោក តាំង សំណាង បានថ្លែងថា នាពេលកន្លងមកសមាគមរបស់លោកបណ្ឌិត តែងតែចូលរួមរាល់សកម្មភាពជួយដល់សង្គមនៅពេលដែលជួបបញ្ហាប្រឈមមួយចំនួនដែលសមាគមអាចជួយទៅបាន គឺក្នុងការកៀរគររក សប្បុរសធម៌ពីដៃគូសមាគមអន្តរជាតិ។

លោកបានបន្តថា កាលពីអំឡុងកូវីដ១៩ ក៏បាននាំយកនូវគ្រឿងបរិក្ខារសុខាភិបាលមកប្រគល់ជូននៅតាមបណ្ដាលពន្ធនាគារមានដូចជា( ម២) ចំនួន១គ្រឿង) (ម៣) ចំនួន១គ្រឿង ខេត្តកែប ចំនួន១គ្រឿង និងខេត្តព្រះសីហនុ ចំនួន១គ្រឿង។

លោកបានគូសបញ្ជាក់ថា សុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយសកម្មភាពទាំងអស់នេះហើយក្នុងនាមជាខ្មែរតែមួយ លោកនឹងបន្តនាំយកអំណោយជារថយន្តទៅប្រគល់ជូនដល់ខេត្តបន្ទាយមានជ័យ ចំនួន២គ្រឿង ដោយឡែកខេត្តផ្សេងៗលោកមានគម្រោងទំនាក់ទំនងជាមួយមូលនិធិសប្បុរសធម៌ពីបណ្តាប្រទេសបន្ថែមទៀត។

អំណោយរដែលបាននាំយកនារសៀលនេះមានរថយន្តចំនួន ២គ្រឿង ដោយប្រគល់ជូនពន្ធនាគារខេត្តព្រះសីហនុ ១គ្រឿង ជារថយន្តសង្គ្រោះ និង១គ្រឿងទៀតជូនទៅពន្ធនាគារខេត្តកែប ជាប្រភេទរថយន្ត lexus 400H រួមទាំងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដោយជាការចូលរួមវិភាគទាន ដើម្បីទុកជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដែលជាប់ពន្ធនាគារ ឱ្យបានទាន់ពេលវេលា៕